ព័ត៌មានជាតិ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី សាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រ កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើន និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក តែ ឡូរិន ប្រធានក្រុម ប្រឹក្សា ភិបាល នៃសាកលវិទ្យាល័យវេស្ទើន សាកលវិទ្យាធិការ លោក លោកស្រី ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្រ្តាចារ្យ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សជ័យលាភីប្រមាណ ៣,៣៥២ អង្គ/នាក់។

មានប្រសាសន៍ក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានពាំនាំការសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមចូលរួមអបអរសាទរដល់ក្មួយៗនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងជម្នះបាននូវរាល់ឧបសគ្គនានា រហូតបញ្ចប់ការសិក្សាដោយជោគជ័យ និងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការរួមចំណែកបង្កើនល្បឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឱ្យកាន់ល្អប្រសើរថែមទៀតឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាតិ ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ លទ្ធផលដ៏ល្អប្រសើរដែលក្មួយៗសម្រេចបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ចេញបានពីការគាំទ្រ ការទំនុកបម្រុង និងការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ នោះឡើយ។ ជាងនេះទៅទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងកំពុងត្រូវបានថែរក្សាការពារយ៉ាងម៉ឺងម៉ាត់ដាច់ខាត ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមលើនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្រ្តី រាជការ និងបុគ្គលិកសិក្សា នៃសាកលវិទ្យាល័យវេស្ទើន ដែលបានយកអស់ពេលវេលា កម្លាំងកាយចិត្ត និង ប្រាជ្ញា ស្មារតីចូលរួម ចំណែកកសាង និងអភិវឌ្ឍធនធានមនុស្ស ដែលជាបុរេលក្ខខណ្ឌ និងមូលដ្ឋានគ្រឹះ ដ៏ សំខាន់ បំផុតក្នុងការ បង្កើនល្បឿន នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាបន្តបន្ទាប់របស់សាកលវិទ្យាល័យវេស្ទើនទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបច្ចេកវិទ្យា ការសិក្សាកែលម្អកម្មវិធី និងយុទ្ធសាស្រ្តបណ្តុះបណ្តាល ការអភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យលើការស្រាវជ្រាវ ការបង្រៀន និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូរជាតិ និងអន្តរជាតិនានា សំដៅឆ្លើយតបនឹងការកើនឡើងទាំងបរិមាណ និងគុណភាពរបស់និស្សិតលើមុខជំនាញជាច្រើនប្រកបដោយជំនាញបច្ចេកទេស និងជំនាញទន់ច្បាស់លាស់ ជាពិសេសផ្តល់លក្ខណៈគ្រប់គ្រាន់ដល់និស្សិតសម្រាប់ប្រកួតប្រជែងក្នុងទីផ្សារការងារ។

នាឱកាសនេះដែរ​ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការគការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងសូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ និងលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ ត្រូវខិតខំធ្វើការងារ សិក្សារៀនសូត្របន្ថែមទៀត និងប្រកបមុខរបរចិញ្ចឹមជីវិតដោយសុខដុមរមន ជាពិសេស ក្នុងបរិបទពិភពលោកដែលកំពុងផ្លាស់ប្តូរ និស្សិតត្រូវចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ឱ្យមានប្រសិទ្ធភាព ស្វែងរកឱកាសការងារត្រឹមត្រូវ និងបង្កើនជំនាញដែលទីផ្សារត្រូវការ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ និងកសាងសេដ្ឋកិច្ចជាតិ ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

នាឱកាសនេះ លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវេស្ទើន បានមានប្រសាសន៍ជម្រាបជូនថា នៅថ្ងៃនេះ និស្សិតជ័យលាភីសរុប ៣,៣៥២ អង្គ/នាក់ ស្ត្រី ២,១៦២នាក់ (ស្មើនឹង ៦៥%) ក្នុងនោះនិស្សិតសញ្ញាបត្រកម្រិតបណ្ឌិតចំនួន ៦នាក់ បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៥៨ អង្គ/នាក់ ស្ត្រីចំនួន ៥៨ នាក់ (ស្មើនឹង ៣៧%) បរិញ្ញាបត្រចំនួន ២,១៤៧ អង្គ/នាក់ ស្ត្រីចំនួន ១៤៨២ នាក់ (ស្មើនឹង ៦៩%) និងបរិញ្ញាបត្ររងចំនួន ១០៤១ អង្គ/នាក់ ស្ត្រីចំនួន ៦២២ នាក់ (ស្មើនឹង ៦០%) បានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២២-២០២៣ និងឆ្នាំ២០២៣-២០២៤ កន្លងមកនេះ។

លោកបានបញ្ជាក់បន្ថែមថា ក្រៅពីការផ្តល់ជូនអាហារូបករណ៍សម្រាប់សិស្ស និស្សិតក្រីក្រ តាមរយៈប្រមុខរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានានោះ សាកលវិទ្យាល័យវេស្ទើន បានបង្កើតឱ្យមានកម្មវិធីប្រាក់កម្ចីសិក្សា សម្រាប់និស្សិតក្រីក្រ ដើម្បីបង្កើនលទ្ធភាពសិក្សាថ្នាក់បរិញ្ញាបត្រ ។ ទាក់ទងទៅនឹងនិស្សិតជ័យលាភីនេះ បើយោងតាមការស្ទង់មតិប្រចាំឆ្នាំរបស់ក្រុមការងារធានាគុណភាពផ្ទៃក្នុងសាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតជ័យលាភីដែលត្រូវទទួលបានសញ្ញាបត្រ នាពេលបន្តិចទៀតនេះ អ្នកដែលមានការងារធ្វើចំនួន ៩៣.២% ក្រោយពីបញ្ចប់ការសិក្សា។

To Top