ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណភាគីចិន ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យអប់រំនៅកម្ពុជា

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណភាគីចិន ចំពោះការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា និងចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យអប់រំនៅកម្ពុជា។

ការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូចិនហៃណាន ដឹកនាំដោយ លោកស្រី អ៊ីន លិព័រ (Her Excellency YIN Libo) សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តហៃណាន និងជាប្រធានសមាគមមិត្តភាពហៃណានក្រៅប្រទេស នៅថ្ងៃទី១៣ វិច្ឆិកា។

ក្នុងឱកាសជំនួបនេះ លោកស្រី អ៊ីន លិព័រ សង្ឃឹមថា នឹងត្រួសត្រាយផ្លូវបើកឱកាសផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិលើវិស័យជាច្រើនបន្ថែមទៀតជាមួយកម្ពុជា ជាពិសេសលើវិស័យអប់រំ ការបណ្ដុះបណ្ដាលជំនាញកសិកម្មត្រូពិច ការបណ្តុះបណ្ដាលជំនាញ បច្ចេកទេស វិជ្ជាជីវៈ ភ្ជាប់ជាមួយកម្មវិធីបង្រៀនភាសាចិនឯកទេស ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ការជំរុញកម្មវិធីផ្លាស់ប្តូរបទពិសោធ ការស្រាវជ្រាវរួមគ្នា និងពង្រឹងកិច្ចសហការជាមួយសាកលវិទ្យាល័យ ក៏ដូចជាវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស និងជំនាញវិជ្ជាជីវៈនៅកម្ពុជា ដើម្បីបើកវគ្គបណ្ដុះបណ្ដាលជំនាញនានាដើម្បីឆ្លើយតបនឹងតម្រូវទីផ្សារការងារ និងឧស្សហកម្មនៅកម្ពុជាបច្ចុប្បន្ន និងអនាគត។

ដោយស្ថានភាពភូមិសាស្រ្ត និងអាកាសធាតុនៅកម្ពុជាមានលក្ខណៈស្រដៀងគ្នានឹងខេត្តហៃណាន ដូច្នេះលោកជំទាវ មានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហៃណា នឹងទទួលបានជោគជ័យត្រចះត្រចង់។
ក្នុងឱកាសនេះដែរ លោកស្រី បានសម្រេចផ្តល់ជូននូវអាហារូបករណ៍ចំនួន ៥០កន្លែងក្នុងមួយឆ្នាំសម្រាប់រយៈពេល៥ឆ្នាំ ដល់សិស្សនិស្សិតកម្ពុជាទៅសិក្សានៅខេត្តហៃណាន ដើម្បីជាសក្ខីភាពនៃការប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីចិនចំពោះការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា និងចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យអប់រំនៅកម្ពុជា ព្រមទាំងចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការទទួលបានសេចក្តីទុកចិត្តពីគណៈកម្មាធិការមជ្ឈិមបក្សតែងតាំង លោកស្រី ជាអភិបាលរងខេត្តហៃណាន កាលពីចុងឆ្នាំ២០២៣ កន្លងទៅ ដោយជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយបទពិសោធចំណេះដឹង និងភាពឈ្លាសវៃរបស់លោកជំទាវ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ កសិកម្ម និងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ បង្កើតបានជាកាលានុវត្តភាព និងសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត សម្រាប់បម្រើជាផលប្រយោជន៍រវាងប្រទេសទាំងពីរ។

កម្ពុជា និងចិន មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ថែមទាំងជាបងប្អូន ជាអ្នកជិតខាង និងជាពិសេសជាមិត្តដែកថែប ដែលតែងជួយការពារផលប្រយោជន៍គ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈទាំងនៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។ ចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរដែលមានប្រវត្តិសាស្រ្តដ៏យូរលង់ ប្រមាណជិត ២០០០ឆ្នាំកន្លងមកនេះ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងនៃប្រជាជនប្រទេសទាំងពីរ៕

To Top