លោក កែ គឹមយ៉ាន ប្រាប់ជនភៀសសឹកកម្ពុជា ឱ្យជឿរាជរដ្ឋាភិបាល លើការដោះស្រាយព្រំដែន
ភ្នំពេញ ៖ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងរាស្រ្តមណ្ឌល ខេត្តបន្ទាយមានជ័យ បានលើកឡើងថា បានថ្លែងប្រាប់ប្រជាពលរដ្ឋ ភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ ត្រូវមានជំនឿជឿជាក់ លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែន ប្រកបដោយពុទ្ធិបញ្ញាញាណ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក កែ គឹមយ៉ាន បានលើកឡើងថា ត្រូវជំនឿជឿជាក់លើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែន ប្រកបដោយពុទ្ធិបញ្ញាញាណឈ្លាសវៃ ប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សាជាស្នូល ក្រោមម្លប់សន្តិភាព ។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ គឺជាកម្លាំងមួយដ៏កក់ក្ដៅពោរពេញ ទៅដោយថាមពលរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ដែលជាស្នូលនៃខឿនការពារជាតិមាតុភូមិ បូរណភាពដែនដី ស្ថិរភាពប្រកប ដោយភាពអង់អាចក្លាហាន ហ៊ានលះបង់កម្លាំងកាយចិត្ត អាយុជីវិត ដើម្បីជាតិមាតុភូមិរុងរឿង នៃកម្ពុជាសន្តិសុខសង្គមជាតិ ស្ថិរភាពល្អផងដែរ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ចំនួន៤០០គ្រួសារ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីមានការបាញ់ប្រហារ របស់កងទ័ពសៀម ទៅលើជនស៊ីវិលខ្មែរស្លូតត្រង់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលបានបណ្តាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់ បានសា្លប់ភ្លាមៗ នៅកន្លែងកើតហេតុ និងរងរបួសមានចំនួន ៣នាក់៕
