ព័ត៌មានជាតិ

ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំធំសាលាខេត្ត បានប្រារព្វពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប ឱ្យបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជន និងនិវត្តជន ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

‎លោកបានបញ្ជាក់ថា ការរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការខេត្ត គឺជាការជំរុញបន្ថែមទៀតនូវការសម្របសម្រួល និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំសមាគមខេត្តជូនអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរបស់ខ្លន ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ក្នុងការលះបង់ដើម្បីបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃ។

​ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល/រូបភាពពីការិយាល័យផ្សព្វផ្សាយ


To Top