ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បន្តនាំអំណោយរដ្ឋាភិបាល ផ្តល់ជូនប្រជាពលរដ្ឋ ១៥៤គ្រួសារ រងគ្រោះដោយទឹកជំនន់ នៅស្រុកស្ទឹងត្រង់

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ នៅរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានបន្តនាំអំណោយរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ១៥៤គ្រួសារ ដែលរងគ្រោះប៉ះពាល់ដោយទឹកជំនន់ នៅក្នុងស្រុកស្ទឹងត្រង់។

ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍សម្ដែងនូវការសោកស្ដាយ ចំពោះបងប្អូនប្រជាកសិករដែលរងគ្រោះដោយសារគ្រោះធម្មជាតិទឹកជំនន់ទន្លេមេគង្គនេះ ។ជាមួយគ្នានោះដែររ លោកអភិបាលខេត្ត ក៏បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ដែលជានិច្ចកាល លោកទាំងទ្វេរ តែងតែគិតគូរអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត ក៏បានយកឱកាសនោះក្រើនរំលឹកដល់បងប្អូនប្រជាកសិករ បន្ទាប់ពីទទួលបានអំណោយដើម្បីដោះស្រាយជីវភាពក្នុងរយៈពេលខ្លីនេះ សូមឱ្យបងប្អូនគិតគូរអំពីការបន្តបង្កបង្កើនផលដើម្បីស្ដារឡើងវិញ ឱ្យសមស្របទៅនឹងស្ថានភាពទឹកទន្លេមេគង្គកំពង់ស្រក ហើយការដាំដុះស្ដារឡើងវិញនេះដែរ ត្រូវមើលអំពីដំណាំដែលត្រូវដាំដុះ ដោយត្រូវពិភាក្សាជាមួយមន្ត្រីជំនាញកសិកម្មនៅមូលដ្ឋានជាមុនសិន ដើម្បីជួយប្រឹក្សាយោបល់ ដើម្បីឲ្យផលដំណាំនោះត្រូវជាមួយនឹងទីផ្សារ ។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើផងដែរចំពោះប្រជាកសិករទាំងអស់ សូមឱ្យថែទាំសុខភាព ហើយប្រសិនបើមានជំងឺ សូមប្រញាប់ទៅរកសេវាព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីប្រឹក្សាជាមួយគ្រូពេទ្យ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា

To Top