ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលសង្វាក់ផលិតកម្ម របស់ក្រុមហ៊ុនវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញទៅប្រទេសចិន

ប៉ៃលិន​៖​ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំជំនាញចុះពិនិត្យមើលសង្វាក់ផលិតកម្មវេចខ្ចប់ផ្លែមៀនប៉ៃលិន របស់ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៉ីមផត អិចផត (ខេមបូឌា) ឯ.ក សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលមានទីតាំងនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

នាឱកាសនោះលោកស្រី​ បាន ស្រីមុំ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបណ្តុះ បណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់ប្រជាកសិករទទួលបានទិន្នផលច្រើនចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការ ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

លោកស្រីអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បន្តថា នៅខេត្តប៉ៃលិន ប្រជាកសិករដែលជាម្ចាស់ចំការមៀនប៉ៃលិន បានចង់ក្រងគ្នាជាសហគមន៍ និងរួមគ្នាផលិតផ្លែមៀនឱ្យបានបរិមាណច្រើន ព្រមទាំងមានគុណភាពល្អប្រកបដោយអនាម័យស្រមតាមស្តង់ដា និងតម្រូវការទីផ្សារ ហើយបានចុះកុងត្រាជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៉ីមផត អិចផត (ខេមបូឌា) ឯ.ក ក្នុងការផ្គត់ផ្គង់សង្វាក់ផលិតកម្មវេចខ្ចប់ផ្លែមៀន សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ នៅក្នុងឱកាសនោះផងដែរលោកស្រីបាន ស្រីមុំ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៉ីមផត អិចផត(ខេមបូឌា) ឯ.ក ដែលបានបើករោងចក្រដោយផ្ទាល់នៅលើទឹកដីខេត្តប៉ៃលិន ហើយជួយទិញផ្លែមៀនប៉ៃលិនពីប្រជាកសិករម្ចាស់ចំការ ធ្វើការវេចខ្ចប់នាំចេញនៅទីផ្សារប្រទេសចិន ដែលជាកត្តាជួយជម្រុញសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺប្រទេសកម្ពុជា ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

បើតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៉ីមផត អិចផត (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ធ្វើការ បែងចែក គ្រាប់មៀននីមួយៗ ទៅតាមប្រភេទទំហំ និងអាចវេចខ្ចប់ដោយម៉ាស៊ីនស្វ័យប្រវត្តិហើយក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ នេះ ក្រុមហ៊ុនបាននាំចេញផ្លែមៀនប៉ៃលិនស្រស់ចំនួន ១៤៦៦៩តោន ទៅកាន់ទីផ្សារប្រទេសចិន៕

ព្រះសង្ឃ និងពុទ្ធបរិស័ទជាង ៣០០អង្គ/នាក់ នៅស្រុកសាលាក្រៅ ប្រារព្ធពិធីបង្សុកូល ឧទ្ទិសមហាកុសល ជូនដល់វីរកងទ័ពខ្មែរ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ

អត្ថបទ​ដោយ ៖ សុខ​ វិច្ឆ័យ​ / ប៉ៃលិន / ដើមអម្ពិល| រូបភាព៖​ រដ្ឋបាលខេត្តប៉ៃលិន

To Top