លោកបណ្ឌិត កៅ ថាច អញ្ជេីញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុង ទិវាសហគ្រិនកម្ពុជា ឆ្នាំ២០២៥
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោលបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងទិវាសហគ្រិនកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ ចក្ខុវិស័យឆ្នាំ២០៣០៖ “ការវិនិយោគដើម្បីអនាគត” ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្រី្ត ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង Global Entrepreneurship Network និងមានការចូលរួមពី តំណាងធនាគារជាតិនៃកម្ពុជា តំណាងគណៈកម្មាធិការវិនិយោគកម្ពុជា សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុ សហគ្រិន ធុរៈជន និងម្ចាស់សហគ្រាសធុនមីក្រូ តូច មធ្យម និងធំ។

លោកបណ្ឌិត បានគូសរំលេច នូវខ្លឹមសារសំខាន់ៗចំនួន ៤ ចំណុច រួមមាន៖ (១) សសរគ្រឹះនៃប្រព័ន្ធហិរញ្ញវត្ថុ ដែលរួមមាន វិស័យធនាគារ វិស័យមូលបត្រ និងវិស័យធានារ៉ាប់រង ដែលជាប្រភពហិរញ្ញប្បទានសម្រាប់អាជីវកម្ម (២) ដំណើរវិវត្តនៃម៉ូឌែលអាជីវកម្មរបស់ខ្មែរ (៣) តួនាទី និងសារៈសំខាន់របស់សហគ្រិនក្នុងប្រព័ន្ធសេដ្ឋកិច្ច និងដំណើរឆ្ពោះទៅលសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ របស់កម្ពុជា ។

ដោយលោកបណ្ឌិត បានលើកឡើងថា សហគ្រិន មិនមែនគ្រាន់តែជាម្ចាស់អាជីវកម្មប៉ុណ្ណោះទេ សហគ្រិន គឺជាអ្នកចូលរួមចំណែកកសាងជាតិ ឱ្យកាន់តែមានបិរយាប័ន្ន មានចីរភាព មានភាពប្រកួតប្រជែង មានភាពធន់ និងមានភាពសុខុដុម។ បន្ថែមពីនេះ សហគ្រិន មានតួនាទី ជាអ្នកបង្កើតនវានុវត្តន៍ ជាអ្នកបង្កើតការងារ ជាអ្នកជំរុញភាពប្រកួតប្រជែង និងជាអ្នកលើកកម្ពស់គុណតម្លៃសង្គម និងបរិស្ថាន (៤) អត្ថន័យនៃការវិនិយោគដើម្បីអនាគត ដែលសំដៅដល់ការវិនិយោគលើមនុស្ស វិនិយោគលើចីរភាព វិនិយោគលើបច្ចេកវិទ្យា និងវិនិយោគលើភាពជឿជាក់ និងទំនុកចិត្ត។

ជាចុងក្រោយ លោកបណ្ឌិត ក៏បានផ្តល់អនុសាសន៍ដល់សហគ្រិនអំពីគំនិតវិនិយោគសម្រាប់អនាគត ដូចជា៖ ការវិនិយោគលើមូលធនមនុស្ស ការវិនិយោគលើនវានុវត្តន៍កសិកម្ម ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ការវិនិយោគលើចីរភាពបរិស្ថាន និងការវិនិយោគលើសមត្ថភាពស្ថាប័ន៕




