ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រតិភូតំណាង គ.ជ.ប ដឹកនាំដោយលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ របស់ប្រទសអូស្រ្តាលី
ឧបត្ថម្ភដោយរាជរដ្ឋាភិបាល ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៦ នៅទីស្តីការ គ.ជ.ប មុននឹងទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី។
ជាកិច្ចចាប់ផ្ដើមលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានសម្តែងនូវការអបអរសាទរ និងកោតសរសើរ ព្រមទាំងបានណែនាំឱ្យនិសិត្យទាំងអស់ ត្រូវប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹង និងបទពិសោធល្អៗពីបណ្តាប្រទេសទាំងនោះ ដើម្បីកសាងសមត្ថភាពរបស់ខ្លួន ចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។
នៅក្នុងឱកាសនេះដែរ លោកអគ្គលេខាធិការរង បានធ្វើបទបង្ហាញអំពីនិមិត្តសញ្ញារបស់ គ.ជ.ប សមាសភាព គ.ជ.ប ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន មិនតែប៉ុណ្ណោះ ឯកឧត្តមក៏បានបង្ហាញ អំពីរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប ផងដែរ។
លោកបានបញ្ជាក់ថា គ.ជ.ប គឺជាអង្គការដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងការបោះឆ្នោតផ្សេងៗទៀត តាមការកំណត់នៃច្បាប់។ គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។
គ.ជ.ប មានសិទ្ធិពេញលេញ ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ច្បាប់ស្តីពីការបោះឆ្នោតជាធរមាន បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដែលកំណត់ដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។
ចំពោះសមិទ្ធផលនៃការបោះឆ្នោតដែល គ.ជ.ប សម្រេចបានវិញ ឯកឧត្តមបានពន្យល់ថា ចាប់ពីឆ្នាំ១៩៩៨ រហូតមកទល់បច្ចុប្បន្ននេះ កម្ពុជា បានរៀបចំការបោះឆ្នោតដោយខ្លួនឯងសរុបចំនួន ១៩លើកមកហើយ ដែលការរៀបចំការបោះឆ្នោតលើកដំបូង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២។
ក្នុងចំណោមការបោះឆ្នោតទាំង ១៩លើកនេះ មានការបោះឆ្នោតសកល ចំនួន ១១លើក និងការបោះឆ្នោតអសកលចំនួន ៨លើក។ នៅកម្ពុជា ការបោះឆ្នោតសកល រួមមាន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
លោកក៏បានរំលេចដែរថា ការបោះឆ្នោតនៅកម្ពុជា មាន ៤ដំណាក់កាលសំខាន់ៗរួមមាន៖
– ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
– ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
– ការឃោសនាបោះឆ្នោត
– ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។
ជាចុងបញ្ចប់ក្រុមនិសិ្សត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល គ.ជ.ប បានអនុញ្ញាតឱ្យពួកគាត់ចូលមកសម្តែងការគួរសម និងទទួលបានអនុសាសន៍ល្អៗ សម្រាប់ជាពុទ្ធិបន្ថែមក្នុងការបន្តអភិវឌ្ឍខ្លួនមុននឹងត្រូវទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី។
ជាមួយគ្នានេះដែរ ក្រុមនិសិត្យទាំងអស់ បានប្តេជ្ញាចិត្តមោះមុតក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង និងជំនាញនដើម្បីយកមកបម្រើប្រទេសជាតិ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ បន្ទាប់ពីជំនួបនេះបានបញ្ចប់ ក្រុមនិសិ្សតក៏បានចូលទស្សនាបណ្ណាល័យរបស់ គ.ជ.ប ផងដែរ៕








