លោក នាក់ សំបូរ ចូលក្រាបថ្វាយបង្គំ ព្រះសង្ឃ គង់ចាំ វត្ត សាមគ្គីធម្មិការរាម
Brooklyn, NewYork: លោក នាក់ សំបូរ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ក្នុងអញ្ជើញបំពេញបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក បានអញ្ជើញចូលទៅក្រាបថ្វាយបង្គំព្រះសង្ឃ នៅវត្តសាមគ្គីធម្មិការរាម នៅទីក្រុង ប្រុកលីន បុរីញ៉ូវយ៉ក នារាត្រីថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែវិច្ឆិកាឆ្នាំ២០២៥។
លោកសំបូរ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណក់លោកចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងសម្តេចព្រះសង្ឃរាជ ជូនព្រះភិក្ខុសង្ឃគង់ចាំនៅវត្ត សាមគ្គីធម្មិការាម ដោយក្តីនឹករលឹកពីចម្ងាយ។
លោករដ្ឋលេខាធិការ បានមកបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក រយៈពេល៥ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងពេលស្នាក់នៅសហរដ្ឋអាមេរិក លោករដ្ឋលេខាធិការ ក៏បានមកក្រាបថ្វាយបង្គំព្រះសង្ឃ នៅវត្តខ្មែរសាមគ្គី នៅទីក្រុងហែនរៃកូ រដ្ឋវីជីញ៉ា ក័ដូចជាចូលជាអធិបតី ក្នុងពិធីប្រគល់ប្រកាសនីយប័ត្រ ទទួលស្គាល់ពលរដ្ឋខ្មែរអាមេរិក២នាក់ប្តីប្រពន្ធ គឺលោក អឿ សុវណ្ណ និងលោកស្រី គង់ លីនដាវី ជាមហាឧបាសិកនិងឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នៅវត្តបាលិលេយ្យ ស្ថិតក្នុងទីក្រុងហ្វីឡាដែលផ្យ៉ា រដ្ឋផែន្នីស៊ីវិននៀផងដែរ។
មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អឿ សុវណ្ណ គឺម្ចាស់ក្រុមហ៊ុន Capital Warehouse ដ៏ធំនៅរដ្ឋវីជីញ៉ា នៃរដ្ឋប៉ែកខាងកើតសហរដ្ឋអាមេរិក។


