ព័ត៌មានជាតិ

ប្រធានរដ្ឋសភា ស្នើឱ្យលើកកម្ពស់ សមត្ថភាពផ្នែកបច្ចេកវិទ្យា និងការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ដល់កុមារី និងស្រ្តី

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីបើកវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច» រៀបចំឡើងដោយក្រសួងកិច្ចការនារី នៅថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើង នូវអនុសាសន៍ចំនួន៦ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង នូវការលើកកម្ពស់ សមភាពយេនឌ័រ នៅកម្ពុជា។

ក្នុងចំណោមអនុសាសន៍ទំាង៦នោះ អនុសាសន៍មួយ សម្តេច បានស្នើឱ្យបន្តរៀបចំនិងអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីផ្តល់ភាពអង់អាចដល់«ស្រ្តីនិងក្មេងស្រី» តាមរយៈការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ជំនាញបច្ចេកទេស ជំនាញទន់នានា និងភាពជាអ្នកដឹកនាំ រួមទាំង ការលើកកម្ពស់សមត្ថភាព ផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយសុវត្ថិភាព។

ចំណែកអនុសាសន៍ផ្សេងទៀត សម្តេច ប្រធានរដ្ឋសភា ស្នើឱ្យបន្តរៀបចំបរិយាកាសអំណោយផលផ្នែកគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីឆ្លើយតបនានា ដើម្បីពន្លឿនការអនុវត្តសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង៣០+ ព្រមទាំងរបៀបវារៈអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០២០ ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដែលមិនទុកអ្នកណាម្នាក់ឱ្យនៅឯកោ។

សម្តេចរដ្ឋសភាធិបតី បានជំរុញឱ្យរួមគ្នា អនុវត្តផែនការយុទ្ធសាស្រ្ត«នារីរតនៈទី៦» និងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័ រតាមវិស័យ នៅគ្រប់កម្រិត និងវិធានការគោលនយោបាយនានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង តួនាទីស្រ្តី នៅក្នុងអភិបាលកិច្ចនៅគ្រប់កម្រិត។ បង្កើតបរិយាកាសអំណោយផល មេត្រីភាព និងប្រកបដោយសុវត្ថិភាពនៅកន្លែងធ្វើការ នៅតាមសហគមន៍និងទីសាធារណៈ ការដោះស្រាយបន្ទុកនៃការងារផ្ទះសម្បែង និងការងារថែទាំគ្មានប្រាក់កម្រៃសម្រាប់ «ស្រ្តីនិងក្មេងស្រី» ដែលអាចបង្ក ឱកាសពេញលេញដល់ «ស្រ្តីនិងក្មេងស្រី» ក្នុងការអភិវឌ្ឍសក្តានុពលរបស់ខ្លួន នៅក្នុងការងារសាធារណៈនិងភាពជាអ្នកដឹកនាំ។

សម្តេចរដ្ឋសភាធិបតី ក៏បានស្នើឱ្យពង្រីកយុទ្ធនាការសង្គមជាសាធារណៈ ក្នុងការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតអវិជ្ជមានរបស់សង្គម រួមទាំងការលើកកម្ពស់ការចូលរួមពីបុរស និងក្មេងប្រុស ក្នុងការគាំទ្រដល់«ស្រ្តី និងក្មេងស្រី» ក្នុងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត និងគ្រប់ជំនាន់។ កសាងជំនឿជឿជាក់ដល់ «ស្រ្តី និងក្មេងស្រី» ដើម្បីបណ្តុះភាពជាគំរូ នៃភាពជាអ្នកដឹកនាំដល់ «ស្រ្តីនិងក្មេងស្រី»ដទៃទៀត រួមនឹងការបង្កើនសំឡេងនិង ការផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ដែលអាចបង្កើននូវថាមពល ជំរុញឱ្យមានសមធម៌សង្គមកាន់តែប្រសើរឡើង។

សូមជម្រាបថា វេទិកា ជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ របស់ស្ត្រីនិងក្មេងស្រី ដើម្បីទាំងអស់គ្នា» ប្រារព្ធធ្វើឡើង នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានអ្នកចូលរួមពី ក្រសួអស្ថាប័ននានាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន ផ្ទាល់និងតាមប្រព័ន្ធនិមិ្មត ប្រមាណជាង២០០នាក់៕

To Top