ព័ត៌មានជាតិ

អតីតពលករមកពីថៃ សប្បាយចិត្តនៅពេលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារមកដល់មូលដ្ឋានរបស់ពួកគាត់

បាត់ដំបង៖ អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នៅខេត្តបាត់ដំបង សប្បាយរីករាយចំពោះការនាំយកឱកាសការងារ ១,១ម៉ឺនកន្លែង វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកផ្សព្វផ្សាយភូមិឋានរបស់ពួកគាត់។

អតីតពលករសប្បាយចិត្តយ៉ាងដូច្នេះ គឺនៅពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

អ្នកស្រី ស៊ាង សាន្ត អតីតពលករមកពីថៃ ប្រាប់ថា អ្នកស្រី សប្បាយចិត្តដែលបានចូលរួមក្នុងពិព័រណ៍ការងារនាពេលនេះ ដោយទទួលបានការដឹកជញ្ជូន អាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ។ អ្នកស្រី បានសាកសួរព័ត៌មានពីបណ្ដាក្រុមហ៊ុននានា មុនពេលសម្រេចចិត្តដាក់ពាក្យធ្វើការងារក្នុងវិស័យសំណង់។

អ្នកស្រី លើកឡើងថា ជាការងាយស្រួលដល់អ្នកស្រី ក៏ដូចជាបងប្អូនអតីតពលករផ្សេងទៀត ដែលកំពុងស្វែងការងារធ្វើ នៅពេលដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារ មកដល់មូលដ្ឋានយ៉ាងដូច្នេះ។ អ្នកស្រី ស៊ាង សាន្ត និយាយបែបនេះថា «កាលមុនអីយើងទៅរកការងារធ្វើនៅភ្នំពេញអី ជួនកាលបានធ្វើ ជួនកាលអត់បានធ្វើ ហើយនៅឆ្ងាយផង ហើយពេលនេះក្រសួងរៀបចំនៅភូមិស្រុកយើងនេះ យើងមានការងាយស្រួល»។

អតីតពលករមកពីថៃមួយរូបទៀត គឺលោក ខ្លូត ធា ប្រាប់ដែរថា លោកពិតជាសប្បាយចិត្តដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារនាពេលនេះ ដែលមានឱកាសការងារជាច្រើនឱ្យលោកជ្រើសរើស។ ដូចអតីតពលករខាងលើដែរ លោក ខ្លូត ធា បានឱ្យដឹងថា លោក បានជិះរថយន្ដដោយឥតគិតថ្លៃ ព្រមទាំងទទួលបានអាហារ និងភេសជ្ជៈ និងការកាត់សក់ដោយមិនអស់ប្រាក់ថែមទៀត។ ចំពោះការរៀបចំពិព័រណ៍ការងារមកដល់មូលដ្ឋានលោកបែបនេះ ធ្វើឱ្យមានលោកមានភាពងាយស្រួលច្រើន។

លោក ខ្លូត ធា ប្រាប់បន្ថែមថា «ងាយស្រួលច្រើន ណាមួយយើងអត់ខាតពេលវេលា យើងដើររកតាមខេត្ត តាមរាជធានីភ្នំពេញ ហើយឥឡូវនេះក្រសួងការងារ រៀបចំឱ្យក្រុមហ៊ុនមកសម្ភាសន៍ផ្ទាល់ ងាយស្រួល»។ នៅក្នុងពិព័រណ៍ការងារថ្ងៃនេះ លោកបានដាក់ពាក្យ៣កន្លែង ហើយសង្ឃឹមថា នឹងទទួលបានការងារធ្វើ។

ចំណែកឯលោក ម៉ាន សេរី អតីតពលករមកពីថៃដែរ ប្រាប់ឱ្យដឹងដែរថា ការរៀបចំពិព័រណ៍ការងារនៅតាមខេត្តនេះ គឺបានបង្កភាពងាយស្រួលដល់លោក ក៏ដូចជាអតីតពលករមកពីថៃផ្សេងទៀត ឱ្យទទួលបានឱកាសមានការងារធ្វើ។ លោកថា «ងាយស្រួលត្រង់ថា មករកដល់ភូមិហើយមានឡានជូនដល់កន្លែងសម្ភាសន៍ការងារទៀត»។ អតីតពលករមកពីថៃរូបនេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានគិតគូរទាំងអតីតពលករត្រឡប់មកពីថៃ ក៏ដូចជាអ្នកដែលស្វែងរកការងារធ្វើ ឱ្យទទួលបានការងារធ្វើ។

អតីតពលករត្រឡប់មកពីថៃទាំង ៣នាក់ខាងលើនេះ បានអំពាវនាវដល់ពលករខ្មែរផ្សេងទៀត ដែលកំពុងធ្វើការងារនៅប្រទេសថៃ សូមត្រឡប់មកស្រុកវិញ ព្រោះថា នៅក្នុងប្រទេសកម្ពុជា មិនខ្វះការងារធ្វើនោះទេ។ ម្យ៉ាងទៀត ពួកគាត់ ក៏បានអំពាវនាវដល់អតីតពលករផ្សេងទៀត ចូលរួមពិព័រណ៍ការងារដែលរៀបចំដោយក្រសួងការងារ ដើម្បីទទួលបានឱកាសការងារធ្វើ៕

To Top