ព័ត៌មានជាតិ

ក្រសួង ក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្ន ខណៈបុរសម្នាក់ រស់នៅភ្នំពេញ បានស្លាប់ដោយជំងឺផ្ដាសាយបក្សី

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ខណៈមានករណីស្លាប់ ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ ២២ឆ្នាំម្នាក់ រស់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ វិច្ឆិកា ថា មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើបុរសអាយុ ២២ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ដោយ វិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ អ្នក ជំងឺមានទីលំនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទោះជាមានការ យកចិត្តទុកដាក់ថែទាំ និងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៤១នាទី ដោយសារមានស្ថានភាពធ្ងន់ធ្ងរ រួមមាន គ្រុនក្តៅ ក្អក ហត់និង ពិបាកដកដង្ហើម។

ក្រុមឆ្លើយតបបន្ទាន់ របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារ នៃមន្ទីរកសិកម្មខេត្ត និង អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើង នូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅ តាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុង សហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល គូសបញ្ជាក់ថា «សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋយើង»។

ក្រសួងសុខាភិបាល បន្ដថា «សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់ បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជន ដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់ នៃការស្លាប់ជាយថាហេតុ» ៕

To Top