អតីតពលករមកពីថៃក្នុងស្រុកមោងឫស្សី អរគុណរដ្ឋាភិបាលជួយស្វែងរកការងារឱ្យធ្វើ
បាត់ដំបង៖ ស្របពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អតីតពលករដែលត្រឡប់មកពីប្រទេសថៃក្នុងស្រុកមោងឫស្សី បានបង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយរកការងារឱ្យពួកគាត់ធ្វើ។

លោក ស៊ុន កុសល្យ អតីតពលករមកពីថៃ ដែលមានស្រុកកំណើតនៅស្រុកមោងឫស្សី បានប្រាប់ថា ពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារនាពេលនេះ គឺពិតជាល្អសម្រាប់លោក ក៏ដូចជាអតីតពលករផ្សេងៗទៀតដែលមិនសូវទទួលបានព័ត៌មានទាក់ទងនឹងឱកាសការងារ។

លោកបន្ថែមថា «កម្មវិធីល្អមែនទែន សម្រាប់បងប្អូនមិនសូវដឹងព័ត៌មានការងារធ្វើនៅទីណា ចឹងមានកម្មវិធីនេះវាល្អបំផុតសម្រាប់យើងអ្នកស្រុកស្រែ ពិសេស អ្នកជនបទដែលគាត់មិនដឹងព័ត៌មាន ចឹងអរគុណច្រើនមែនទែន»។
ចំណែកអ្នកស្រី ជិន ស្រីកាន អតីតពលករត្រឡប់មកថៃម្នាក់ទៀតបានបង្ហាញការសប្បាយចិត្តនៅពេលឃើញក្រសួងការងារបានរៀបចំពិព័រណ៍ការងារនៅមូលដ្ឋានស្រុកកំណើត ហើយអ្នកស្រីសង្ឃឹមថា នឹងអាចទទួលបានការងារធ្វើក្នុងពេលឆាប់ៗនេះ។

អ្នកស្រីនិយាយថា៖«ខ្ញុំសូមអរគុណសម្ដេចនាយករដ្ឋមន្ត្រី និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ ដែលតែងតែគិតគូរយកចិត្តទុកដាក់ ជួយស្វែងរកការងារឱ្យនាងខ្ញុំ និងបងប្អូនពលករមកថៃធ្វើ»។

រីឯអ្នកស្រី អឺន ឃីម អ្នកស្រុកមោងឫស្សីម្នាក់ទៀត ដែលធ្លាប់ជាអតីតពលករមកពីថៃរយៈពេល ៣ឆ្នាំ បានប្រាប់ដែរថា នៅក្នុងពិព័រណ៍ថ្ងៃនេះ អ្នកស្រី បានដាក់ធ្វើការងារនៅក្រុមហ៊ុនចំនួន២ ហើយសង្ឃឹមថា នឹងទទួលការងារធ្វើឆាប់ៗ។

អ្នកបញ្ជាក់ថា៖«ខ្ញុំសប្បាយចិត្តដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារនេះ អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយស្វែងរកការងារហើយខ្ញុំឈប់ទៅប្រទេសថៃទៀតហើយ»។

សូមជម្រាបថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ “ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ” រយៈពេលពីរថ្ងៃនៅខេត្តបាត់ដំបង គឺនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយនាំយកឱកាសការងារជាងជាង ១,១ម៉ឺនកន្លែង ដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ១៧ មកសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់៕
