ស្ថានីយទូរទស្សន៍អន្តរជាតិដ៏ធំ និងផ្សាយដល់ជាង ២០០តំបន់ ជុំវិញពិភពលោក មកថតខ្សែភាពយន្តឯកសារ ស្តីពី “ការរីកចម្រើនរុងរឿង របស់កម្ពុជា”
ភ្នំពេញ៖ តាមរយៈក្រសួងទេសចរណ៍ បានឱ្យដឹងថា នឹងមានស្ថានីយ ទូរទស្សន៍អន្តរជាតិ TV5 Monde ដ៏ធំ និងផ្សាយដល់ជាង ២០០តំបន់ជុំវិញពិភពលោក មកថតខ្សែភាពយន្តឯកសារស្តីពី “ការរីកចម្រើនរុងរឿងរបស់កម្ពុជា” ដោយបង្ហាញពី សក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនជុំវិញ ពិភពលោក ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Michaël Darmon និងលោក Yves Derai អ្នកកាសែត ផលិតករ និងអ្នកនិពន្ធដ៏ល្បីរបស់ស្ថានីយទូរទស្សន៍អន្តរជាតិ TV5 Monde ដ៏ធំមួយក្នុងពិភពលោក ដែលមានទស្សនិកជន ជាង ៤២១លាននាក់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផ្លាស់ប្តូរយោបល់ ព្រមស្នើសុំអនុសាសន៍ណែនាំ លើគម្រោងថតភាពយន្តឯកសារស្តីពី “ការរីកចម្រើនរុងរឿងរបស់កម្ពុជា” ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត និង ចុក្ខវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិ របស់សម្តេចតេជោ រហូតមកដល់សម្តេចធិបតី។

ក្នុងឱកាសនៃជំនួបនោះ លោក រដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម របស់អ្នកកាសែតដ៏ល្បីរបស់បារាំងទាំងពីររូប មកថតខ្សែភាពយន្តឯកសារ ដែលមានលក្ខណៈប្រវត្តិសាស្រ្ត បញ្ជាក់ពីតថាភាពជាក់ស្តែង និង កម្រិតអន្តរជាតិនេះ ដោយបានផ្សារភ្ជាប់ ជាមួយសក្តានុពលទេសចរណ៍ ដែលកំពុងរះដ៏ចិញ្ចាច ជាមួយកាលានុវត្ត វិនិយោគដ៏ល្អ ជាពិសេសក្នុងវិស័យទេសចរណ៍។

លោក រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ត្រៀមជាស្រេច ក្នុងការផ្តល់កិច្ចសហការជាមួយ ផលិតករលើគម្រោងដ៏មានសារៈសំខាន់ និងជាប្រយោជន៍ ដល់ប្រជាជនកម្ពុជាផង និងប្រជាជនពិភពលោកផង ឱ្យបានយល់ដឹងពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប សម្បតិ្តបេតិកភណ្ឌដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន អច្ឆរិយនៃរាជធានីភ្នំពេញ ជាមួយទន្លេ៤ប្រសព្វគ្នា បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងល្បីល្បាញ “ស្នាមញញឹមកម្ពុជា” ជាពិសេសគឺកត្តាសុខសន្តិភាព សុវត្ថិភាព ការរីកចម្រើនគ្រប់វិស័យ ដែលប្រទេសកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន។

តាមការជម្រាបជូន របស់ផលិតករ ខ្សែភាពយន្តនេះ នឹងត្រូវចាក់បញ្ចាំងក្នុងអំឡុងកិច្ចប្រជុំកំពូល អង្គការបណ្តាប្រទេស និយាយភាសាបារាំង លើកទី២០ (ហ្រ្វង់កូហ្វូនី) នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ខាងមុខនេះ ៕
ដោយ៖ ដារាត់| ដើមអម្ពិល





