ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កម្ពុជា មិនត្រូវការ ឈ្លានពានអ្នកណាទេ ខណៈមានអ្នកខ្លះចោទកម្ពុជា ចង់បានដីគេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា កម្ពុជា សុំតែសុខទេ ហើយកម្ពុជា មិនត្រូវការឈ្លានពាន អ្នកណានោះទេ ខណៈមានអ្នកខ្លះចោទកម្ពុជា ថា «ចង់បានដីគេ»។

ការថ្លែងឲ្យដឹងរបស់ សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណគ្រប់ភាគី ដែលបានចូលរួមក្នុងការគាំទ្រ ទៅដល់កងកម្លាំងប្រដាប់អាវុធ ក្នុងវិស័យការពារជាតិ រយៈពេលកន្លងទៅ ។ សម្ដេច ថា ជំនួយឧបត្ថម្ភនានា ត្រូវបានផ្ដល់ទៅដល់មូលដ្ឋាន ហើយរហូតទៅដល់ជាសម្ភារ ដើម្បីទ្រទ្រង់ឲ្យសុវត្ថិភាព ដល់កងទ័ព។

សម្តេចតេជោ ក៏បានបន្តអំពាវនាវឲ្យមានការគាំទ្រដល់រាជរដ្ឋាភិបាលឲ្យមានខឿនការពាររបស់ប្រជាជន មិនមែនត្រឹមតែកងទ័ពយកទៅការពារជាតិនោះទេ គឺត្រូវមានការចូលរួម ពីគ្រប់បងប្អូនប្រជាពលរដ្ឋទាំងអស់។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «យើងសុំតែសុខទេ យើងមិនត្រូវការឈ្លានពានអ្នកណាទេ គេចោទយើងចង់បានដីគេ ខ្មែរ បាត់ដីអស់ច្រើនណាស់ទៅហើយ នៅសល់ប៉ុណ្ណឹង ការពារប៉ុណ្ណឹង យើងមិនមានតម្រូវការចង់បានអ្នកណាទេ»។

សម្តេចតេជោ បន្ដថា «អ្នកខ្លះចង់ឲ្យវៃយក កោះត្រល់ ទៅវៃយកកម្ពុជាក្រោម អ្នកខ្លះចង់ឲ្យទៅយកប៉ុន្មានខេត្ត នៅប្រទេសថៃ ទាំងដីឡាវ ត្រឡប់មកវិញ។ ប៉ុន្ដែពួកគេបានត្រឹមស្រែកពីក្រៅស្រុកទេ ពួកគេចេះតែនិយាយ»។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានលើឡើងថា ប៉ុន្ដែអ្វីដែលត្រូវការបំផុតរបស់កម្ពុជា គឺខឿនការពារជាតិរបស់កម្ពុជា ៕

To Top