ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅឃុំមានជ័យ និងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ គោរពថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្តល់សាឡាងមួយគ្រឿងសម្រាប់ឆ្លងកាត់ដងស្ទឹងសែនដោយមិនគិតប្រាក់!
ចកំពង់ធំ៖ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំមានជ័យ និងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានថ្លែងនូវការអបអរសាទរ និងសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានជួយឧបត្ថម្ភសាឡាងមួយគ្រឿង សម្រាប់ធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន ដោយមិនគិតប្រាក់ ។

ពិធីប្រគល់នេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកំពង់ចម្លងឃុំមានជ័យ ស្រុកសណ្តាន់ ស្ថិតក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ កន្លងមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រគល់ជូនកាណូតចំនួនបួនគ្រឿង និងប្រេងឥន្ធនៈប្រចាំខែផងដែរ តាមរយៈលោក នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរ បណ្តោះអាសន្នឆ្លងកាត់ដងស្ទឹងសែនដោយមិនគិតប្រាក់ ។ តែបច្ចុប្បន្ននេះ ដោយសារតម្រូវការចាំបាច់ក្នុងការដឹកជញ្ជូន ដេីម្បីធានាបានសុវត្ថិភាព សម្តេចមហាបវរធិបតី និងលោកជំទាវ តាមរយរយលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សម្រេចផ្ដល់សាឡាងមួយគ្រឿងងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែនប្រកបដោយសុវត្ថិភាព ។


នៅក្នុងឱកាសនេះផងដែរ លោក ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់អាជ្ញាធរដែនដី ឃុំ ភូមិ និងប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន សូមមេត្តារួមគ្នា ជួយថែរក្សាសាឡាងមួយគ្រឿងនេះ ឲ្យបានល្អ ធានាក្នុងការប្រើប្រាស់យូរអង្វែង ជាផលប្រយោជន៍របស់ប្រជាជនយើងទាំងអស់គ្នា ។ ហេីយក្នងការដឹកជញ្ជូនមិនត្រូវយកប្រាក់ពីក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋឡេីយ៕



ដោយ៖ សំនៀង
