ព័ត៌មានជាតិ

កម្លាំងជំនាញចម្រុះ នៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រមទាំងបានព្រលែងកូនត្រីចម្រុះចូលទន្លេវិញ!

កំពង់ធំ៖ លោក ចាយ​ គង់​ម៉េង​ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់​ធំ សហការជាមួយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ  ដឹកនាំកម្លាំងមន្រ្តី​ខណ្ឌជលផលកំពង់ធំ មន្ត្រីជាប់កិច្ចសន្យា និងសហគមន៍​នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ សហការជាមួយ​កម្លាំងទីបញ្ជាការស្រាលស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅលើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចូលរួមជាមួយក្រុមការងារចម្រុះដឹកនាំដោយលោកអនុសេនីយ៍ទោ ឌឿ ប៊ុនធឿន ជានាយទាហានតំបន់ប្រតិបត្តិការសិករងកំពង់ធំ(យោធភូមិភាគទី៤) សហការជាមួយកម្លាំងទីបញ្ជាការស្រាលឃុំផាត់សណ្តាយ  និងកម្លាំងអធិការកិច្ចខាងជើងបឹងទន្លេសាប ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចដៃកំពីង(ខាងកើតភ្នំជីម៉ូស)។ លោក ហុក ម៉ុន នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំកម្លាំងមន្រ្តីជាប់កិច្ចសន្យា ចូលរួមជាមួយលោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី ៤) សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំ ពាមបាង ស្រុកស្ទោង ខេត្កំពង់ធំ  ចុះប្រតិបត្តិការ ត្រួតពិនិត្យ និង បង្រាបបទល្មើសនេសាទ នៅចំណុច ទំនាបស្វារត់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ

ជាមួយគ្នានេះផងដែរកម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០១រណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងរបាំងចំនួន១៨របាំង ប្រវែង២.៥០៣ម៉ែត្រ ឡុកចំនួន២៩គ្រឿង លប/លូចំនួន៥៣មាត់ ឡុកសាច់អួនចំនួន៥គ្រឿង បង្គោលចំនួន១៤៨៨ដើម ចាក់លែងត្រីចម្រុះទម្ងន់៩០គីឡូក្រាមចូលទន្លេវិញ និងមធ្យោបាយប្រើប្រាស់កាណូតស្មាច់ចំនួន៧គ្រឿង ប្រើប្រេងឥន្ធនៈអស់ចំនួន១៤០ លីត្រផងដែរ៕

ដោយ៖ សំនៀង

To Top