អាជ្ញាធរខេត្តកំពង់ចាម ធ្វើវេទិកាសាធារណៈនៅស្រុកកំពង់សៀម ទទួលសំណើ និងសំណូមពររចំនួន៩ ដោះស្រាយភ្លាមៗ បានមួយចំនួន និងមួយចំនួនទៀតត្រូវដោះស្រាយបន្តតាមនីតិវិធីរដ្ឋបាល
កំពង់ចាម ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់លើកទី ២ អាណត្តិទី ៤ នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងបរិវេណវត្តពោធិរង្ស៊ីព្រៃចក្រី ស្ថិតក្នុងភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្តកំពង់ចាម ។

លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ក្នុងឱកាសនោះថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី ២ អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណ:អភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។

អាស្រ័យហេតុនេះ សូមស្នើដល់ លោក លោកស្រី លើកឡើងជាសំណួរចម្លើយ ព្រមទាំងពិភាក្សាគ្នាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ដើម្បីទទួលបានព័ត៌មានជាសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបាននាឆ្នាំកន្លង បញ្ហាប្រឈមនានា និងពិភាក្សាអំពីការអភិវឌ្ឍន៍នាឆ្នាំបន្ទាប់ ព្រមទាំងទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ រួមទាំងអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សា និងឆ្លើយតប។


បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ពេលនេះ មានសមាសភាពចូលរួមចំនួន ៥៨៤នាក់ ។ បន្ទាប់ពីបញ្ចប់ មានប្រជាពលរដ្ឋចូលរួមលើកជាសំណើ សំណូមពរ និងកង្វល់ ចំនួន៩ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនអង្គវេទិកាផ្ទាល់បានមួយចំនួន ចំពោះសំណើរសំណូមពរមួយចំនួនទៀត អង្គវេទិកាទទួលយកទៅពិភាក្សា ដោះស្រាយបន្តតាមនីតិវិធីរដ្ឋបាល ។





អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម| រូបភាពដោយ: គីហ្សូណា
