ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន និងលោក ហួត ហាក់ អញ្ជើញពិនិត្យជាក់ស្ដែងស្ថានភាពកំពង់់ចម្លងឆ្លងព្រែកជីផាត ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង

ខេត្តកោះកុង៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពី លោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, លោកស្រី ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានអញ្ជើញពិនិត្យជាក់ស្ដែងស្ថានភាពកំពង់់ចម្លងឆ្លងព្រែកជីផាត ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ក្នុងឱកាសនោះ គណៈប្រតិភូ បានជួបសំណេះសំណាលជាមួយសហគមន៍អេកូទេសចរណ៍ជីផាត ។ ជាកិច្ចចាប់ផ្ដើម ប្រធានសហគមន៍ បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពទូទៅនៅក្នុងសហគមន៍។ ជាមួយគ្នានោះដែរ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ស្វាគមន៍ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រជាសហគមន៍ទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ផ្ដល់សេវាទេសចរណ៍ជូនភ្ញៀវជាតិ និងអន្ដរជាតិ ឱ្យមានចំនួនកើនឡើងជាលំដាប់ ព្រមទាំងបានផ្ដាំផ្ញើឱ្យសហគមន៍ចូលរួមថែរក្សាសមិទ្ធផលនានាដែលក្រសួងផ្ដល់ជូនឱ្យប្រើប្រាស់បានយូរអង្វែង។

បន្ទាប់មក លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានមតិសំណេះសំណាល ដោយបានជម្រាបជូនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាសេនាធិការ លើការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដជនបទ រួមទាំងផ្លូវតភ្ជាប់ទៅកាន់តំបន់ដែលមានសក្ដានុពលទេសចរណ៍ផងដែរ។ ជាក់ស្ដែងផ្លូវ១ខ្សែ ដែលបានធ្វើការបើកការដ្ឋាននាព្រឹកនេះ អាចបម្រើជូនប្រជាពលរដ្ឋទាំងការធ្វើចរាចរណ៍ ដឹកជញ្ជូន ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិ មកទស្សនានៅក្នុងសហគមន៍ ឱ្យកាន់តែច្រើន។ ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី គូសបញ្ជាក់ជូនថា តាមរយៈការស្នើសុំរបស់សហគមន៍ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ដ្រីបច្ចេកទេសក្រសួង បានចុះសិក្សាលទ្ធភាព ដើម្បីសាងសង់ស្ពានបេតុងឆ្លងកាត់ព្រែកជីផាត មានប្រវែងប្រមាណ ១៦២ម៉ែត្រ ទទឹង ១០ម៉ែត្រ តភ្ជាប់រវាងភូមិទឹកល្អក់និងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង នាពេលខាងមុខ។

លោករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេងដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវឯកភាពជាតិ និងសន្ដិភាពពេញលេញទូទាំងប្រទេស និងក្រោមការដឹកនាំបន្តវេនប្រកបដោយថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

To Top