ព័ត៌មានជាតិ

លោក ផន រឹម ៖ រថភ្លើងដឹកប្រេងក្រឡាប់ធ្លាយ នៅស្រុកបាកាន មិនមែនដឹកចេញពីថៃទេ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា ករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ បានក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង ស្ថិតនៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃ១៧ វិច្ឆិកា មិនមែនជាប្រេងដឹកចេញមកពីថៃនោះទេ ។

លោក ផន រឹម ឱ្យដឹងទៀតថា ខ្សែរថភ្លើងលេខ៦៥៣៥ បានដឹកប្រេងចំនួន២៥ទូរ របស់ក្រុមហ៊ុនសូគីម៉ិច គឺប្រភពនាំចូលពីប្រទេសសិង្ហបុរី តាមកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ ដោយចេញដំណើរពីស្ថានីយភ្នំពេញ ឆ្ពោះទៅស្ថានីយ៍បឹងព្រីង ខេត្តបាត់ដំបង ដើម្បីចែកចាយ នៅខេត្តភាគពាយ័ព្យប្រទេសកម្ពុជា មិនមែនជាប្រេងនាំចូលពីប្រទេសថៃ ដូចការប៉ាន់ស្មាន និងការអត្ថាធិប្បាយដោយគ្មានប្រភពព័ត៌មាន និងការផ្ទៀងផ្ទាត់ ត្រឹមត្រូវនោះឡើយ ។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពីមានសាធារណជន និងសារព័ត៌មានខ្លះបានចុះផ្សាយ ធ្វើអត្ថាធិប្បាយចោទសួរថា ប្រេងដែលដឹកនោះមានប្រភពពីណា? នាំចូលតាមណា?របស់ក្រុមហ៊ុនអ្វី?៕

To Top