ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក បានផ្តល់ភាពច្បាស់លាស់សម្រាប់វិនិយោគិន

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក បានចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានផ្តល់នូវភាពច្បាស់លាស់សម្រាប់វិនិយោគិន។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ច ចិន-អាស៊ី ដឹកនាំដោយ លោក CHEN Jun អនុប្រធានប្រតិបត្តិ និងជាអគ្គលេខាធិការនៃសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយផ្តោតសំខាន់លើការសិក្សាពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងក្របខណ្ឌតំបន់អាស៊ី។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីឱកាសវិនិយោគដ៏ទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ក្រោមការសម្របសម្រួលរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបម្រើការជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, ការវិនិយោគឯកជន, និងតំបន់សេដ្ឋកិច្ចពិសេស (SEZs)។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ក៏បានគូសបញ្ជាក់ផងដែរអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលបានផ្តល់នូវភាពច្បាស់លាស់សម្រាប់វិនិយោគិន។

ជាការឆ្លើយតប លោក CHEN Jun បានបង្ហាញនូវឆន្ទៈក្នុងការជំរុញ និងនាំយកក្រុមហ៊ុនជាសមាជិកដែលមានសក្តានុពលខ្ពស់ផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មកែច្នៃនានា មកសិក្សាពិនិត្យលទ្ធភាព និងស្វែងរកឱកាសមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕

To Top