ព័ត៌មានជាតិ

ប្រធានមន្ទីរទេសចរណ៍ ខេត្តកោះកុង​ ៖ ១០ខែនៃឆ្នាំ២០២៥ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាតិ ជាង៨០ម៉ឺននាក់ ខណៈភ្ញៀវអន្តរជាតិ ជាង៥ម៉ឺននាក់

ភ្នំពេញ ៖ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានគូសបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ១០ខែនៃឆ្នាំ២០២៥នេះ ភ្ញៀវទេសចរមកកម្សាន្ត នៅខេត្តកោះកុង មានការកើនឡើងច្រើន ក្នុងនោះមានចំនួនជាង៨០ម៉ឺននាក់ សម្រាប់ភ្ញៀវទេសចរជាតិ និងជាង៥ម៉ឺននាក់ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ។

default

កំណើនភ្ញៀវទេសចរកើនឡើង គួរឱ្យកត់សម្គាល់នេះ ត្រូវបានលោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បញ្ជាក់ប្រាប់សារព័ត៌មាន ដើមអម្ពិល ថា ដោយសារតែកន្លងមកនេះ រាជរដ្ឋាភិបាល បានស្ថាបនាផ្លូវជាតិលេខ៤៨ឡើងវិញយ៉ាងស្រស់ស្អាត និងងាយស្រួលធ្វើដំណើរ បន្ថែមលើនេះ ការស្ថាបនាផ្លូវជាតិលេខ១០ ដែលជាផ្លូវជាតិមួយ តភ្ជាប់រវាងខេត្តកោះកុង ទៅតំបន់ភូមិភាគពារយ័ព្យ ពោលតភ្ជាប់ ពីតំបន់ភ្នំ១៥០០ និងបណ្តាខេត្តជាច្រើន ដូចជាខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យជាដើម ដែលជាខ្សែផ្លូវមួយដ៏មានភាពទាក់ទាញ អាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកទស្សនានៅខេត្តកោះកុង ពោលពីតំបន់វប្បធម៌ តភ្ជាប់មកតំបន់ឆ្នេរ ។

ក្នុងនោះ លោក សុខ ចាន់គ្រឹះស្នា មានប្រសាសន៍ថា “ការស្ថាបនា និងសមទ្ធផលថ្មីៗ ផ្លូវជាតិទាំងពីរនេះ បានធ្វើឱ្យខេត្តកោះកុង ក្នុងឆ្នាំ២០២៥នេះ រយៈពេល១០ខែ ឃើញថាយើងបានទទួលភ្ញៀវជាង ៨០ម៉ឺននាក់ សម្រាប់១០ខែមកខេត្តកោះកុងយើង ។ កន្លងមកក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរទេសចរណ៍ខេត្តកោះកុង បានជំរុញនូវយុទ្ធនាការ ទេសចរណ៍បៃតង ឬ Green Season នេះ យើងឃើញថា ក្នុងរយៈពេលប្រមាណ១០ខែនេះ ឃើញមានភ្ញៀវទេសចរខេត្តកោះកុងយើង មានការកើនឡើងច្រើន ស្របនឹងផ្លូវជាតិលេខ៤៨ និងលេខ១០ បានរួចរាល់ទៀត ធ្វើឱ្យភ្ញៀវកាន់តែច្រើន” ។

ទទ្ទឹមនឹងនេះ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា មន្ទីរមានផែនការអភិវឌ្ឍន៍ទេសចរណ៍ ប្រចាំឆ្នាំ ២០២១-២០២៥ សម្រាប់ជួយជំរុញឱ្យវិស័យទេសចរណ៍ បានការកាន់តែកើនឡើង ក្នុងនោះក៏មានការចូលរួមការពង្រឹងគុណភាព សេវាកម្មទេសចរណ៍, ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ពីមន្ទីរទេសចរណ៍ និងការអភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាជំរុញនូវការវិនិយោគ លើវិស័យទេសចរណ៍ តាមរយៈការជំរុញលើកទឹកចិត្ត ឱ្យអ្នកវិនិយោគ មកខេត្តកោះកុងឱ្យកាន់តែច្រើន ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់បន្ថែមថា ក្រៅពីយុទ្ធនាការទេសចរណ៍បៃតង (Green Season)នេះ ក្រសួងក៏បានជំរុញនៅយុទ្ធនាការ «ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» តាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ។ មួយវិញទៀត តាមទិសស្លោក របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ជាពិសេសសម្រាប់មហាគ្រួសារទេសចរណ៍វិញ គឺបានចេញពាក្យស្លោកមួយថា «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» សុទ្ធតែជាផ្នែកដ៏សំខាន់ក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ ។

សូមបញ្ជាក់ថា តាមការអះអាង របស់លោក សុខ ចាន់គ្រឹះស្នា សម្រាប់រយៈពេល១០ខែចុងក្រោយ ឆ្នាំ២០២៥នេះ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាតិ ចំនួន ៨១៧ ៧៦៩នាក់ ខណៈភ្ញៀវទេសចរអន្តរជាតិ ចំនួន ៥៨ ៨៩០នាក់ ដែលកំណើននេះ បានពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

DCIM\100MEDIA\DJI_0848.JPG
DCIM\100MEDIA\DJI_0037.JPG
DCIM\100MEDIA\DJI_0069.JPG
To Top