ព័ត៌មានជាតិ

គោលដៅទេសចរណ៍ចំនួន៤ធំៗ ក្នុងខេត្តកោះកុង ជាចំណុចដ៏ទាក់ទាញ សម្រាប់វិស័យទេសចរណ៍ក្នុងខេត្ត

ភ្នំពេញ៖ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថា ចំពោះខេត្តកោះកុង បានបែងចែកគោលដៅទេសចរណ៍ចំនួន៤ធំៗ ក្នុងនោះ ទី១ តំបន់ក្រុងខេមរភូមិន្ទ និងតំបន់ជុំវិញ ទី២ តំបន់ឆ្នេរសមុទ្រ ដងព្រែក និងប្រជុំកោះ ទី៣ តំបន់ភ្នំនិងតំបន់ខ្ពង់រាប ទី៤ គឺតំបន់ស្រុកស្រែអំបិល ។

ក្នុងបទសម្ភាសន៍ជាមួយ​ សារព័ត៌មានដើមអម្ពិល លោក សុខ ចាន់គ្រឹះស្នា បានអះអាងថា សម្រាប់១០ខែនៃឆ្នាំ២០២៥នេះ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាតិ ចំនួន៨១៧ ៧៦៩នាក់ និងភ្ញៀវបរទេសចំនួន ៥៨ ៨៩០នាក់ ខណៈប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង មើលឃើញថា មានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ។

ដើម្បីលើកកម្ពស់ការផ្តល់សេវាកម្មទេសចរណ៍ឱ្យកាន់តែប្រសើរ ក៏ដូចជាធ្វើយ៉ាងណា ឱ្យមានភាពទាកទាញ លោក សុខ ចាន់គ្រឹះស្នា បានគូសបញ្ជាក់ថា មន្ទីរទេសចរណ៍ បានរៀបចំ ក្រុមការងារ ដើម្បីចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ នៅតាមតំបន់គោលដៅ ទេសចរណ៍សំខាន់ៗ នៅក្នុងខេត្តជាប្រចាំ ដោយផ្តោតលើការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ការបង្ហាញតម្លៃសេវាកម្ម អាជីវកម្ម ការរៀបចំសោភ័ណ្ឌភាពទីតាំងអាជីវកម្ម សេវាកម្ម ការគ្រប់គ្រងសំណល់រឹង និងរាវ ជាពិសេសការយល់ដឹង​ពីសុខសុវត្ថិភាពដល់ភ្ញៀវទេសចរ ដើម្បីបំពេញបាននូវតម្រូវការ និងការពេញចិត្តរបស់ភ្ញៀវ ឱ្យមានភាពកក់ក្តៅ ឱ្យកាត់មកហើយចង់មកម្តងទៀត ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ក៏បានគូសបញ្ជាក់ថា តំបន់សក្តានុពុលសំខាន់ៗ បច្ចុប្បន្នប្រចាំខេត្តកោះកុង មានតំបន់កោះស្ដេច តំបន់ជ្រោយស្វាយ តំបន់ព្រៃកោងកាងពាមក្រសោប តំបន់ទឹកធ្លាក់តាតៃ ក៏ដូចជាតំបន់សហគមន៍ជីផាត ។

គួរឱ្យដឹងថា តំបន់ទឹកធ្លាក់តាតៃ ស្ថិតនៅក្នុងឃុំតាតៃក្រោម ស្រុកស្រែអំបិល ដែលមានចម្ងាយ ១៧ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទៅកម្សាន្ត បាននៅតំបន់នោះ តាមរយៈផ្លូវគោកតាមបណ្តោយផ្លូវជាតិលេខ៤៨ រួចបន្តផ្លូវលំក្រួសក្រហម បន្តដំណើរតាមផ្លូវទឹក នៅសហគមន៍ ដែលមានទីតាំងនៅក្បែរគល់ស្ពានតាតៃ ដោយជិះទូករបស់សហគមន៍ ទៅកាន់តំបន់ទឹកធ្លាក់ ។ តំបន់កោះស្តេច ជាតំបន់កោះមួយ ដែលស្ថិតនៅស្រុកគីរីសាគរ មានចំងាយ១៥០ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ កោះនេះមានបណ្ដោយ ២គីឡូម៉ែត្រនិងទទឹងប្រហែល១គីឡូម៉ែត្រ កោះស្ដេច ជាកោះមួយនៅចំកណ្តាលនៃកោះនានា ដែលទេសភាពស្អាត ខ្យល់អាកាសបរិសុទ្ធ គ្រឿងសមុទ្រស្រស់ៗ ជាកន្លែងដែលមានសភាពស្ងប់ស្ងាត់ ជាទីសម្រាប់លំហែកាយ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

តំបន់ឆ្នេរជ្រោយស្វាយ គឺជាកន្លែងមួយពោពេញទៅដោយ ការនិយមសម្រាប់អ្នកដែលចូលចិត្តងូតទឹកសមុទ្រ ជាមួយនឹងខ្យល់អាកាសស្រស់ស្រាយបរិសុទ្ធ ដែលស្ថិតនៅចម្ងាយប្រមាណ១៧០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាឆ្នេរបែបធម្មជាតិ ដែលមានសេវាកម្មស្នាក់នៅ និងម្ហូបអាហារ។ ភ្ញៀវទេសចរ អាចទិញអាហារសមុទ្រស្រស់ៗ ពីប្រជានេសាទផ្ទាល់នៅទីនោះ ដែលពួកគាត់ទើបតែនេសាទបានភ្លាមៗ ។ សព្វថ្ងៃឆ្នេរនេសាទនេះ ជាកន្លែងមួយ ដែលមានភាពទាក់ទាញខ្លាំងបំផុត ជាមួយនិងឆ្នេរខ្សាច់ ឆ្នេរថ្ម ឆ្នេរភក់យ៉ាងវែង ជាមួយនឹងធនធានធម្មជាតិសមុទ្រយ៉ាងសម្បូរបែប ។

ចំពោះភ្នំម្រេចកង្កែប ជាតំបន់សម្រាប់លម្ហែល កាយបង់តង់ និងទស្សនាថ្ងៃរះ និងពពកអ័ព្ទនាពេលព្រឹកព្រលឹម ។ កោះស្រឡៅ ជាកោះដែលមានព្រៃ កោងកាងក្រាស់ស្រស់ស្អាត មានភូមិនេសាទ សកម្មភាពទេសចរណ៍ មានដូចជាការជិះទូកតាមដងព្រែក ដាំកូនកោងកាង និងការស្ទូចត្រីជាដើម ។ ចំពោះកោះកុងក្រៅ មានផ្ទៃដីប្រមាណ ៨០គីឡូម៉ែត្រការ៉េ និងមានកម្ពស់ ៤១០ម៉ែត្រ ស្ថិតនៅលើផ្ទៃទឹកសមុទ្រ ដែលធំល្វើងល្វើយ មានពណ៌ខៀវស្រងាត់ ជាកោះក៏សម្បូរទៅដោយធនធានធម្មជាតិសត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវចម្រុះបាត់សមុទ្រ មានឆ្នេរខ្សាច់សម្រាប់កម្សាន្តជាច្រើនកន្លែង ភ្ញៀវទេសចរ អាចធ្វើដំណើរ តាមទូករយៈប្រហែល២ម៉ោង ។ ចំពោះអូទឹកវេទ ជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញមួយសម្រាប់ដំណើរទេសចរណ៍ផ្សងព្រេង មានទឹកធ្លាក់ដ៏ស្រស់ស្អាត ដែលមានចម្ងាយ ៩គីឡូម៉ែត្រ ពីសហគមន៍អេកូទេសចរណ៍ជីផាត អាចធ្វើដំណើរបានដោយម៉ូតូរឺកង់ ។

ចំពោះរមណីយដ្ឋាន ព្រៃកោងកាងពាមក្រសោប ស្ថិតនៅចម្ងាយ ៧គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញមួយ សម្រាប់ខេត្តកោះកុង ដែលមានសក្តានុពលជាច្រើន ដូចជាព្រៃកោងកាងដ៏ច្រើនមហាសារ និងសំបូរទៅដោយជីវចម្រុះគ្រប់ប្រភេទ ស្ពានយោល ប៉មសម្រាប់ទស្សនាព្រៃកោងកាង ជាពិសេសការធ្វើទេសចរណ៍បែបស្ទូចត្រីដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ព្រៃកោងកាងពាមក្រសោបនេះ ក៏យើងមានសកម្មភាព ជិះទូកស្ទូចត្រី ទស្សនានូវការចិញ្ចឹមខ្យងចំពុះទារជាដើម ។ ចំពោះតំបន់កោះកុងក្រៅនេះ ក្រៅពីយើងទៅទស្សនាកម្សាន្តហើយ អាចបោះតង់លើឆ្នេរដ៏ស្រស់ស្អាត យើងអាចស្ទូចត្រីលើនេះបន្ថែមទៀត៕
ដោយ៖​ ដារាត់| ដើមអម្ពិល

default
DCIM\100MEDIA\DJI_0038.JPG
DCIM\100MEDIA\DJI_0848.JPG
DCIM\100MEDIA\DJI_0818.JPG
DCIM\100MEDIA\DJI_0037.JPG
DCIM\100MEDIA\DJI_0024.JPG
DCIM\100MEDIA\DJI_0069.JPG
To Top