លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ពិនិត្យជាក់ស្ដែងផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយសារជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ អញ្ជើញទៅពិនិត្យជាក់ស្ដែងផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធជនបទ ចំនួន ៤ទីតាំង ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់។
ហេដ្ឋារចនាសម្ព័ន្ធមានដូចខាងក្រោម៖
– ទីតាំង១៖ ឈ្មោះផ្លូវវត្តទួលវែង ជាផ្លូវល្បាយក្រួស មានប្រវែង ៩,៧០គ.ម តភ្ជាប់ពីភូមិព្រៃឪម៉ាល់ ទៅកាន់ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ៣ ៥០០ម៉ែត្រ ។ ផ្លូវនេះគ្រោងនឹងលើកកម្រិតគុណភាពដោយការស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ក្នុងក្របខ័ណ្ឌគម្រោង RRCIP នៅពាក់កណ្តាល ឆ្នាំ២០២៦ ខាងមុខនេះ។
– ទីតាំងទី២៖ ឈ្មោះផ្លូវលលកសចាស់-រលាប ជាផ្លូវល្បាយក្រួស មានប្រវែង ៤,៥០គ.ម តភ្ជាប់ពីភូមិលាវ សង្កាត់ចំរើនផល ទៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ១ ២០០ម៉ែត្រ។
– ទីតាំងទី៣៖ ឈ្មោះផ្លូវទួលគ្រួស-វត្តឯក ជាផ្លូវល្បាយក្រួស មានប្រវែង ៤,៩០គ.ម តភ្ជាប់ពីភូមិអូរតូង ទៅកាន់ភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ១ ២០០ម៉ែត្រ។
– ទីតាំងទី៤៖ ឈ្មោះផ្លូវទួលចា-កែវមុនី ជាផ្លូវល្បាយក្រួស មានប្រវែង ៩,៣១គ.ម តភ្ជាប់ពីភូមិអូរបាក់ក្រងក្រោម ឃុំអន្លង់វិល ស្រុកកណ្ដៀង ទៅភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ៩៥០ម៉ែត្រ។ ផ្លូវនេះគ្រោងនឹងលើកកម្រិតគុណភាពដោយការស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ក្នុងក្របខ័ណ្ឌគម្រោង RRCIP នៅពាក់កណ្តាល ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។
សូមជម្រាបជូនដែរថា៖ ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ នៅតាមតំបន់ជួរភ្នំក្រវ៉ាញនៃខេត្តពោធិ៍សាត់ ធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងគំហុក បណ្តាលឱ្យលិចលង់ផ្ទះសំបែង និងស្រែចំការរបស់ប្រជាពលរដ្ឋ ជាមួយគ្នានោះដែរ ហេដ្ឋារចនាសម្ព័ន្ធជនបទនៅតាមដងស្ទឹង ចំនួន ៧ ខ្សែ សរុបប្រវែង ៤៧,២១ គ.ម. ក៏ត្រូវបានជន់លិចជាអន្លើៗ សរុបប្រវែង ៧,៩០គ.ម. ដែលបង្កឱ្យមានការលំបាកដល់ធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជាមួយនឹងការបញ្ហាខាងលើនេះ លោករដ្ឋមន្រ្ដី បានណែនាំឱ្យមន្ដ្រីបច្ចេកទេស សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បូកសរុបផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធជនបទ បន្ទាប់ពីទឹកស្រកទៅវិញ និងធ្វើការជួសជុលបន្ទាន់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាព ស្ពានបេតុង១ទីតាំង ប្រវែង ៧៥ ម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ តភ្ជាប់ពីភូមិស្ពាន ឃុំកណ្តៀង ទៅភូមិព្រៃក្តី ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ៕




