ព័ត៌មានជាតិ

ប្រធាន CDI-IDC គាំទ្រភាពអត់ធ្មត់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីពាក់ព័ន្ធជម្លោះព្រំដែន

ភ្នំពេញ ៖ ប្រធានកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាតនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) បានបង្ហាញការគាំទ្រចំពោះភាពអត់ធ្មត់របស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាពាក់ព័ន្ធទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ។

យោងតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាតនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ នៅប្រទេសប្រេស៊ីលថ្ងៃទី២០-២៣ ខែវិច្ឆិកា បានឱ្យដឹងថាលោក Andres Pastrana ប្រធានកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាតនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ និងសមាជិកគណៈកម្មាធិការប្រតិបត្តិបានសម្តែងការកោតសរសើរ និងគាំទ្រចំពោះជំហរអត់ធ្មត់ជាអតិបរិមារបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
លោកបន្តថា ភាពអត់ធ្មត់របស់កម្ពុជាបានបង្ហាញដល់ពិភពលោកនូវគុណតម្លៃនៃភាពជាអ្នកដឹកនាំនិយមកណ្តាល ក្នុងការតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូល ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពនូវគោលការណ៍សន្តិសហវិជ្ជមានជាមួយនឹងប្រទេសជិតខាង ដើម្បីសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់រយៈពេលវែង។

ជាមួយគ្នានេះ CDI-IDC ក៏ស្នើឱ្យភាគីនៃជម្លោះគោរពសេចក្តីថ្លែងការណ៍រួមឱ្យបានពេញលេញនិងដោយស្មោះត្រង់ ដើម្បីស្តារឡើងវិញនូវប្រក្រតីភាពនៃទំនាក់ទំនងសង្គម វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ ព្រមទាំងអំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជាទាំង១៨រូប ដោយគ្មានលក្ខខណ្ឌ ៕

To Top