ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ៣ទីតាំង នៅក្នុងខេត្ដត្បូងឃ្មុំ

ត្បូងឃ្មុំ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥បានអញ្ជើញពិនិត្យស្ថានភាពផ្លូវ ចំនួន៣ទីតាំង នៅក្នុងខេត្ដត្បូងឃ្មុំ។

ផ្លូវទាំង៣ទីតាំងរួមមាន៖

ទីតាំងទី១៖ ជាប្រភេទផ្លូវក្រួសក្រហម មានប្រវែង ៨គ.ម ទទឹងខ្នងលើ ៥ម៉ែត្រ ចាប់ផ្ដើមពី ភូមិ យៀកត្បូង ឃុំដំរិល ទៅភូមិអង្គរក្រៅ ឃុំដូនតី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោកប្រធានក្រុមប្រឹក្សា, លោកអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ។ ខ្សែផ្លូវនេះមានសភាពចាស់ទ្រុតទ្រោមពិបាកក្នុងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ដោយខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៧៩៨ គ្រួសារ ស្មើនឹង ៣១៦១នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៨១១២ គ្រួសារ ស្មើនឹង ៣៣៥៧០នាក់ ។ ក្នុងឱកាសពិនិត្យ លោក ឆាយ ឫទ្ធិសែន បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពិនិត្យលទ្ធភាពសាងសង់ផ្លូវនេះ ជាផ្លូវល្បាយក្រួសដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។

ទីតាំងទី២៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែង ១១គ.ម ទទឹងខ្នងលើសរុប ៥ម៉ែត្រ ចាប់ផ្ដើមពី ភូមិទួលកណ្តោល ឃុំជីគរ ទៅភូមិស្ទឹងអង្កាញ់ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ផ្លូវនេះ ក្នុងសាងសង់ក្នុងឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌគម្រោងRRIPII ដោយទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។ ខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៣ ២០៧គ្រួសារ ស្មើនឹង ១៣ ៩៦៤នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៤ ៨៥៦គ្រួសារ ស្មើនឹង ២០ ៥៦៤នាក់។

ទីតាំងទី៣៖ ជាប្រភេទផ្លូវក្រាលបេតុង មានប្រវែង ៤,៣១គ.ម ទទឹងខ្នងលើសរុប ៦ម៉ែត្រ ចាប់ផ្ដើមពី ភូមិទួលឃ្លាំង ឃុំប្រធាតុ ទៅភូមិទួលគរ ឃុំទន្លេរបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ផ្លូវនេះ ក្នុងសាងសង់ក្នុងឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្ដរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ដោយទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។ ខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៣ ២៥៤គ្រួសារ ស្មើនឹង ១៥ ៤២៨នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៦ ៨១៣គ្រួសារ ស្មើនឹង ២៨ ៧៧០នាក់។

នៅលើទីតាំងផ្លូវទី២ និងទី៣នេះ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញពិនិត្យលក្ខណបច្ចេកស និងណែនាំមន្ត្រីជំនាញក្រសួងធ្វើការសិក្សាបច្ចេកទេសក្នុងការសាងសង់ផ្លូវជនបទ និងសំណង់សិល្បៈការ្យឱ្យកាន់តែរឹងមាំ ដើម្បីធានាបានការប្រើប្រាស់ផ្លូវបានយូរអង្វែង៕

To Top