ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង សម្លាប់ជីវិតមនុស្ស ៩នាក់ នៅស្រុកស្ទឹងត្រង់
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត កងកម្លំាងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងលោកអគ្គនាយកក្រុមហ៊ុន ហេង ឡុង (ចំការកៅស៊ូបឹងកេត) បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ និងកុមារ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ចំនួន ៩នាក់ ស្ថិតក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងបំផុតនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសព ចំពោះឧបទ្ទវហេតុ នៃអំពើឃាតកម្មដ៏សាហាវយង់ឃ្នង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសឲ្យតឹងរ៉ឹងបំផុតចំពោះជនល្មេីស។

លោកអភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដែលជានិច្ចកាលថ្នាក់ដឹកនាំយើង លោកតែងគិតគូរ ខ្វាយខ្វល់អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន “សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ”។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានចូលរួមជាបច្ច័យចំនួន ៥.០០០.០០០៛ (ប្រាំលានរៀល) អ្នកឧកញ៉ា ហេង ឡុង បបច្ច័យចំនួន ៤.០០០.០០០៛ (បួនលានរៀល) លោក បាន ស្រេង អភិបាលស្រុក បច្ច័យចំនួន ៥០០.០០០៛ (ហាសិបម៉ឺនរៀល) សរុប ៩.៥០០.០០០៛។

លោកអភិបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃស្អែក លោកនឹងរៀបចំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មកផ្តល់ជូនបន្ថែមទៀត ឯចំពោះការចំណាយក្នុងការរៀបចំកម្មវិធីបុណ្យសពទៅតាមប្រពៃណីព្រះពុទ្ធសាសនា គឺជាបន្ទុករបស់រដ្ឋបាលខេត្តកំពង់ចាម៕



អត្ថបទដោយ៖ គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម| រូបភាពដោយ: គីហ្សូណា
