ប្រមុខការទូតកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅឡាវ និងធ្វើជាសហប្រធាន កិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជា និងឡាវ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នាថ្ងៃទី២៤ វិច្ឆិកា នេះ ថា ដំណើរទស្សកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ថងសាវណ្ណ កុមវិហាន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក ប្រាក់ សុខុន ក៏នឹងអញ្ជើញជួបសម្តែងការគួរសម ចំពោះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានាធិបតី និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនេះ បញ្ជាក់ជាថ្មីនូវទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង រវាងប្រទេសទាំងពីរដែលបង្ហាញពីការប្តេជ្ញាចិត្តរួមនៃប្រជាជាតិទាំងពីរ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវ ចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
