ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួង ការងារអំពាវនាវ ​ឱ្យកម្មករប្តឹងមកក្រសួង​​ ប្រសិនបើមានការប្រើប្រាស់ ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់កម្មករនិយោជិត បុគ្គលិកក្រុមហ៊ុនឱ្យប្តឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ។

លោកថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមកាត់ដេរ និងជំនួយការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ មេត្តាប្រើពាក្យសម្តីឱ្យបានទន់ភ្លន់ក្នុងការបំពេញការងារជាមួយកម្មករនិយោជិត ជាពិសេស បងប្អូនអតីតពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ សូមកុំមានការជេរប្រមាថ ហើយបងប្អូនកម្មករ ឬនិយោជិតទាំងអស់អាចប្តឹង មកក្រសួង មកអ្នកនាំពាក្យ ឬបណ្តឹងអនាមឹករបស់ក្រសួង»។

ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការជំរុញការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនបងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទាំងពេលទំនាក់ទំនងផ្តល់ឱកាសការងារ និងពេលបំពេញការងារ ត្រូវមានភាពទន់ភ្លន់ យកចិត្តទុកដាក់ឱ្យដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្ដល់ជូនពេលបងប្អូនឈានជើងដំបូងចូលមកដល់បូរណភាពទឹកដីកម្ពុជា។

សម្រាប់បណ្តឹង កម្មករនិយោជិតអាចប្តឹងមកបណ្តាញសង្គមក្រសួង បណ្តាញសង្គមរដ្ឋមន្ត្រី អ្នកនាំពាក្យ និងQRCode បណ្តឹងអនាមិកដែលអាចទាក់ទងបានគ្រប់ពេល។ លេខទំនាក់ទំនងអ្នកនាំពាក្យ៖ 097 256 4447/ 077 465 289/ 015 465 289។ នេះបើតាមអ្នកនាំពាក្យលោក ស៊ុន មេសា ដដែល៕

To Top