ប៉ូលីសចរាចរណ៍ នឹងដាក់ពង្រាយឡើងវិញ តែមិនផាកពិន័យ គ្រាន់តែអប់រំ
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា នឹងពង្រាយនគរបាលចរាចរណ៍នៅតាមគោលដៅសំខាន់ៗឡើងវិញ ប៉ុន្តែការដាក់តាមគោលដៅនេះមិនត្រូវបានឲ្យផាកពិន័យនោះទេ គ្រាន់តែអប់រំណែនាំដល់អ្នកបើកបរដែលល្មើសច្បាប់តែប៉ុណ្ណោះ។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថា ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឱ្យអនុវត្តឡើងវិញហើយ ក្រោយពីត្រូវបានផ្អាកសកម្មភាពមួយរយៈ។ បច្ចុប្បន្ន នៅតាមគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា មន្ត្រីនគរបាលចរាចរណ៍បាននិងកំពុងអនុវត្តវិធានការច្បាប់នេះ ជាបណ្តើរៗផងដែរ។ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ស្របតាមស្មារតីនៃគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកបន្តថា “រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេចជាគោលការណ៍ដើម្បីឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ទូទាំងប្រទេសតែម្តង គឺថាត្រួតពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញដែលភាសាសាមញ្ញដាក់ពង្រាយនគរបាលចរាចរណ៍តាមគោលដៅទូទាំងប្រទេសតែម្តង ជាពិសេសគោលដៅសំខាន់ៗ” ។

ការដាក់នគរបាលចរាចរណ៍តាមគោលដៅនេះ ត្រូវបានលោកអ្នកនាំពាក្យរងអះអាងថា ដោយសារប្រមុខរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានមួយជំហាន ហើយអ្វីកាន់ជាពិសេសនោះ ដោយសារតែកត្តាគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងបណ្តាលឲ្យមានអ្នកស្លាប់និងរបួសគួរឲ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយដែលពុំមានវត្តមាននៃសមត្ថកិច្ចនគរបាលចរាចរណ៍ ។ ក្នុងនោះក៏សង្កេតឃើញថា សណ្តាប់ធ្នាប់ចរាចរណ៍ក៏ពុំមានរបៀបរៀបរយផងដែរ ។
លោកបណ្ឌិតទូច សុឃៈសង្កត់ធ្ងន់ថា ជាមួយនឹងការប្រកាសឲ្យអនុវត្តនូវច្បាប់ចរាចរណ៍ឡើងវិញនេះ គឺនគរបាលចរាចរណ៍ មិនតម្រូវឲ្យផាកពិន័យអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ទេ គ្រាន់តែអប់រំផ្សព្វផ្សាយដល់ពួកគាត់ ឲ្យបានយល់ពីច្បាប់ចរាចរណ៍ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ត្រឹមតែរយៈពែល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៤៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២០នាក់៕
