ព័ត៌មានជាតិ

ADB តែងតាំងលោកស្រី YASMIN SIDDIQI ជានាយិកាថ្មី ប្រចាំកម្ពុជា ខណៈ ADB បន្តគាំទ្រអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានតែងតាំងលោកស្រី Yasmin Siddiqi ជានាយិកាថ្មីប្រចាំប្រទេសកម្ពុជា ដោយលោកស្រីនាំមកជាមួយនូវជំនាញជាង ២៦ឆ្នាំក្នុងវិស័យកសិកម្ម ទឹក និង អភិវឌ្ឍន៍ជនបទ រួមទាំងការបំពេញការងាររបស់គាត់ ១៦ ឆ្នាំជាមួយ ADB ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។

លោកស្រី Siddiqi នឹងដឹកនាំប្រតិបត្តិការរបស់ ADB នៅកម្ពុជា គ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB សម្រាប់ឆ្នាំ២០២៤-២០២៨ ដែលមានសង្គតិភាពយ៉ាងជិតស្និតទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេលដូចគ្នា និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធដទៃទៀត ដើម្បីគាំទ្រគោលដៅរបស់កម្ពុជាក្នុងការប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ក្នុងទសវត្សរ៍ខាងមុខ។

លោកស្រី Siddiqi បានមានប្រសាសន៍ថា «ខ្ញុំមានកិត្តិយសក្នុងការទទួលបានតួនាទីនេះ ហើយត្រៀមទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍របស់ ADB ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។ ADB បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និង ធន់នឹងអាកាសធាតុ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលនាំមុខដោយវិស័យឯកជន និង លើកកម្ពស់លទ្ធភាពទទួលបានសេវាសំខាន់ៗដូចជា ការអប់រំ ការថែទាំសុខភាព និងទឹកស្អាត»។

មុនកាន់តំណែងជានាយិកាប្រចាំប្រទេសកម្ពុជា លោកស្រី Siddiqi មានតួនាទីជានាយិកាផ្នែកកសិកម្ម ស្បៀង ធម្មជាតិ និងអភិវឌ្ឍន៍ជនបទរបស់ ADB សម្រាប់តំបន់អាស៊ីកណ្តាល ខាងលិច និងខាងត្បូង។ គាត់បានដឹកនាំការបង្កើត និង ការអនុវត្តគម្រោងកម្ចី និង ជំនួយបច្ចេកទេសដែលមានលក្ខណៈស្មុគស្មាញ ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ សម្រាប់សម្មិទ្ធផលលេចធ្លោរបស់គាត់ ទាក់ទងនឹងបច្ចេកទេសប្រកបដោយនវានុវត្តន៍ និងការលើកកម្ពស់ការចូលរួមពីវិស័យឯកជន ដើម្បីពន្លឿនវឌ្ឍនភាពសម្រាប់កសិករនៅទូទាំងតំបន់អាស៊ី។

សូមរំលឹកថា មានសញ្ជាតិអង់គ្លេស លោកស្រី Siddiqi បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មធារាសាស្ត្រពីសាកលវិទ្យាល័យ Southampton និងជាវិស្វករសំណង់ស៊ីវិលវិជ្ជាជីវៈទទួលស្គាល់ដោយអន្តរជាតិ។ ភាពជាអ្នកដឹកនាំរបស់លោកស្រីបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមធន់នឹងអាកាសធាតុហើយគាត់ គឺជាអ្នកតស៊ូមតិយ៉ាងសកម្មសម្រាប់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និង កុមារី៕

To Top