អភិបាលខេត្តកំពង់ចាម ជម្រុញអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការគ្រប់គ្រងមុខសញ្ញាប្រើប្រាស់គ្រឿងញៀនឲ្យបានដើម្បីធ្វើការបង្ក្រាប
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ គោលការណ៍ផែនការយុទ្ធសាស្រ្តប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋានអំពីបញ្ហាគ្រឿងញៀន អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជម្រុញឲ្យអាជ្ញាធរឃុំ សង្កាត់ និងមន្រ្តីនគរបាលបុស្តិ៍ ត្រូវគ្រប់គ្រងឱ្យបានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដើម្បីឈានទៅបង្ក្រាប បញ្ចូនទៅតុលាការ ជៀសវាងកុំឱ្យបង្ករបញ្ហាស្មុគ្រស្មាញនៅក្នុងសហគមន៍។

កិច្ចប្រជុំនេះធ្វើឡើង នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតី ពីលោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការ នៃគណៈកម្មាធិការសម្របសម្រួលជំរុញអនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ។

លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់សមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបង្កើនកិច្ចសហការឱ្យបានកាន់តែជិតស្និទ រវាងខេត្តជាប់ព្រុំប្រទល់ ដើម្បីក្ដាប់ភូមិសាស្រ្តងាយស្រួលក្នុងការឈានទៅបង្រ្កាបបទល្មើសបានទាន់ពេលវេលា និងត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការអនុវត្តបទបញ្ជា បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនដែលមានចរិកកាចសាហាវ តដៃជាមួយសមត្ថកិច្ចផងដែរ និងត្រូវគ្រប់គ្រង និងតាមដានមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារក្នងករណីជួញដូរគ្រឿងញៀនឱ្យបានជាប់ប្រចាំ ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏ បានស្នេីដល់មន្រ្តីអនុវត្តច្បាប់ ត្រូវសិក្សាស្វែងយល់ពីបទពិសោធន៍នានា និងនីតិវិធីផ្លូវច្បាប់ ដើម្បីធានាបានក្នុងការបង្រ្កាបបទល្មើស ឬមុខសញ្ញាជនល្មើសដែលភាគច្រើនជាមុខសញ្ញាធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើន និងមានល្បិចកលខ្ពស់ ។ ត្រូវមានបទពិសោធន៍គ្រប់គ្រាន់ ដើម្បីទប់ទល់នឹងល្បិចកល របស់ឧក្រិដ្ឋជនជួញដូរ ប្រើប្រាស់ ផ្លាស់ប្តូរតាមគ្រប់រូបភាព ដូចជាផ្ញើគ្រឿងញៀន តាមរថយន្តឈ្នួល និងផ្ញើប្រាក់បានមកពីការជួញដូរតាមរយៈសេវាផ្ទេរប្រាក់ឯកជនជាដើម ។

លោក អ៊ុន ចាន់ដា បានណែនាំមន្ត្រីជំនាញ ឱ្យបន្តអប់រំ ផ្សព្វផ្សាយ និងបំផុសស្មារតីប្រជាពលរដ្ឋ ក្នុងការចូលរួមផ្តល់ព័ត៌មានអំពីបទល្មើស ដើម្បីឈានទៅបង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន បានទាន់ពេលវេលា ពិសេសឱ្យប្រជាពលរដ្ឋចេះប្រប្រាស់ប្រព័ន្ធ App No Drug ចំពោះមន្រ្តីរាជការគ្រប់រូប ក៏ត្រូវតែមាន App No Drugគ្រប់ៗគ្នាផងដែរ ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម| រូបភាពដោយ: គីហ្សូណា
