កម្ពុជា បដិសេធដាច់ខាតចំពោះរាល់ការចោទប្រកាន់ណាមួយពីភាគីថៃ ថា យោធាកម្ពុជា បានដាក់មីនថ្មី
ភ្នំពេញ ៖ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍សម្តែងនូវការសោកស្តាយចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ តាមប្រព័ន្ធផ្សព្វផ្សាយថា កម្ពុជា បានដាក់មិនថ្មី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយកម្ពុជា ក៏បានបដិសេធដាច់ខាតចំពោះរាល់ការចោទប្រកាន់ណាមួយពីភាគីថៃ។
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានកត់សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិតមកលើកម្ពុជា ថាបានដាក់មិនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចោទប្រកាន់ទាំងនេះ ជាថ្មីម្តងទៀត ត្រូវបាន ផ្សព្វផ្សាយដោយគ្មានរបាយការណ៍ស៊ើបអង្កេតផ្លូវការ មិនមានការផ្ទៀងផ្ទាត់រួមគ្នា និងគ្មានការពិគ្រោះ យោបល់តាមរយៈយន្តការទ្វេភាគី ដែលបានព្រមព្រៀងគ្នានោះឡើយ។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «កម្ពុជាបដិសេធដាច់ខាត ចំពោះរាល់ការចោទប្រកាន់ណាមួយដែលថា យោធាកម្ពុជាបានដាក់មីនថ្មី។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងក្របខណ្ឌអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងគ្រប់យន្តការទ្វេភាគីទាំងអស់ជាមួយថៃ»។
ទាក់ទងនឹងការលើកឡើងអំពី «មីនប្រភេទ PMN-2 ទើបត្រូវបានដាក់ថ្មី» កម្ពុជាសូមគូសបញ្ជាក់ថា ការលើកឡើងនេះ ត្រូវតែគាំទ្រដោយរបាយការណ៍បច្ចេកទេសផ្លូវការ រួមជាមួយរូបថតដែលមានការផ្ទៀងផ្ទាត់ ត្រឹមត្រូវ របាយការណ៍នៃការប្រមូលនិងរក្សាទុកភស្តុតាង ការវិភាគទីតាំងផ្ទុះ ទិន្នន័យ GIS ដែលមាន កំណត់ត្រាពេលវេលា និងការវាយតម្លៃដោយអង្គការសកម្មភាពមីនភាគីទីបីដែលអព្យាក្រឹត។ មកទល់ បច្ចុប្បន្ន កម្ពុជាមិនទាន់ទទួលបានរបាយការណ៍ណាមួយ តាមរយៈបណ្តាញផ្លូវការណាមួយនោះទេ។
អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់បន្ថែមថា ជាមួយគ្នានេះដែរ ការអះអាងពាក់ព័ន្ធនឹងការរើសបាន «ទូរស័ព្ទរបស់ទាហានកម្ពុជា» កម្ពុជា សូមសម្តែងនូវ ក្តីព្រួយបារម្ភ ចំពោះភាពពិតនៃរូបភាព ព្រោះព័ត៌មាន និងភស្តុតាងដែលបានលើកឡើងដោយថៃ មិនត្រូវ បានបញ្ជូនមកកាន់កម្ពុជា តាមរយៈគណៈកម្មាធិការព្រំដែនទូទៅ (GBC) ឬក្រុមការងារសម្របសម្រួល ចម្រុះ (JCTF) ហើយក៏មិនមានការស្នើសុំណាមួយឱ្យកម្ពុជា ផ្ទៀងផ្ទាត់រូបភាពផងដែរ។ បច្ចុប្បន្ន រូបភាព ឬវីឌីអូ អាចត្រូវបានកែប្រែដើម្បីបំភាន់ ដែលទាមទារឱ្យមានការពិនិត្យច្បាស់លាស់។ កម្ពុជាទទួលយកតែ ភស្តុតាងដែលត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យ និងធ្វើឡើងដោយក្រុមការងារចម្រុះតែប៉ុណ្ណោះ៕
