ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រង សំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី២៥ វិច្ឆិកា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មការដឹកនាំតម្រង់ទិសគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា ដោយការអញ្ជើញចូលរួមពីលោក ស៊ុ ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត និងលោក Koen Everaet អនុប្រធានផ្នែកកិច្ច សហប្រតិបត្តិការ សហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងក្រសួងបរិស្ថាន តំណាងសហភាពប្រចាំកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាល សរុបចំនួន ២០រូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងអនុម័តលើផែនការសកម្មភាព និងផែនការថវិកាក្នុងឆ្នាំ២០២៦ របស់គម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា និង បង្ហាញពីទិដ្ឋភាពទូទៅរបស់គម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប បានកោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក និង មីក្រូប្លាស្ទិក។ ជាមួយគ្នានេះ សហភាពអឺរ៉ុប នឹងចូលរួមពង្រឹងការគ្រប់គ្រង ការកែច្នៃ និងការទាក់ទាញការវិនិយោគបន្ថែមទៀត ដើម្បីលើកកម្ពស់ភាពស្អាត នៅកម្ពុជា។
ស្របនឹងការលើកឡើងនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរ គុណដល់សហភាពអឺរ៉ុប ក្នុងការគាំទ្រ និងសហការយ៉ាងជិតស្និតជាមួយ ក្រសួងបរិស្ថាន ដើម្បីដោះស្រាយសំណល់ប្លាស្ទិក ដែលជាក្តីកង្វល់របស់ពិភពលោក ដោយមិនចំពោះតែកម្ពុជា និងតំបន់នោះទេ ។ ជាក់ស្តែងការប្រយុទ្ធប្រឆាំងសំណល់ សំរាមប្លាស្ទិកនេះក្រសួង បានដាក់ចេញនូវយុទ្ធសាស្រ្តជាជំហានៗ រាប់ចាប់តាំងពីយុទ្ធនាការ បន្តរហូតមកដល់ចលនា ដោយផ្តើមចេញពីការប្តេជ្ញាចិត្ត របស់ប្រជាពលរដ្ឋប្រមាណជាង១៤លាននាក់ នៅក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងប្រមាណជាង ៧លាននាក់នៅក្នុងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង “ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក” ដែលទទួលបានភាពស្អាតប្រមាណជាង ៨០%។

លើសពីនេះ ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវយន្តការ និងដំណោះស្រាយជាច្រើន ដែលក្នុងនោះរួមមាន ការផ្តល់ជូនធុងសំរាមឱ្យប្រជាពលរដ្ឋ បែងចែក និងទុកដាក់សំរាម ជាពិសេសការរៀបចំឱ្យមានទីលានទុក ដាក់សំរាមឱ្យត្រឹមត្រូវ និងសមស្រប តាមលក្ខណៈបច្ចេកទេស ដែលជាការការពារដល់សុខមាលភាព ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គការដៃគូ សូមចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីឆ្ពោះទៅការគ្រប់គ្រងសំណល់ ប្លាស្ទិកដ៏ប្រសើរ ដែលស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព៕
