ធនាគារពិភពលោក ៖ ការបង្កើនម៉ោងសិក្សា កម្ពុជាអាចផ្តល់ឱកាស ឱ្យកុមារទទួលបានការអប់រំ កាន់តែប្រសើរឡើង
ភ្នំពេញ ៖ លោកស្រី Tania Meyer នាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ការបង្កើនម៉ោងសិក្សា កម្ពុជាអាចផ្តល់ឱកាសឱ្យកុមារទទួលបានការអប់រំ កាន់តែប្រសើរឡើង ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្ម មួយមានភាពប្រកួត ប្រជែងជាងមុន។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៥ វិច្ឆិកា បានឲ្យដឹងថា ប្រទេសកម្ពុជា សម្រេចបានវឌ្ឍនភាព គួរឱ្យកត់សម្គាល់ ក្នុងការបញ្ជូនកុមារ ឱ្យចូលរៀន ប៉ុន្តែពេលនេះចាំបាច់ ត្រូវកែលម្អជាបន្ទាន់ នូវសកម្មភាពគ្រប់បែប យ៉ាងដែលកើតឡើង នៅក្នុងថ្នាក់រៀន។
របាយការណ៍ថ្មីពីរ ដែលធនាគារពិភពលោក បានចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាននិយាយដូច្នេះ ដោយសង្កត់ធ្ងន់លើការពិនិត្យមើលទាំងគុណភាព និងបរិមាណ នៃការបង្រៀន នៅតាមសាលាបឋមសិក្សា ហើយបានលើកអនុសាសន៍មួយ ចំនួនសម្រាប់ពង្រឹងអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន ដើម្បីឱ្យកុមារទាំងអស់ មានមូលដ្ឋានគ្រឹះក្នុងការរៀនសូត្រចេះ និងរីកចម្រើនទៅមុខទៀត។
លោកស្រី Tania Meyer នាយិកា គ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «តាមរយៈការ វិនិយោគលើគ្រូបង្រៀន និង ការបង្កើនម៉ោងសិក្សា កម្ពុជាអាចផ្តល់ឱកាសឱ្យកុមារ ទទួលបានការអប់រំកាន់តែប្រសើរឡើង ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មមួយ ដែលមានភាពប្រកួតប្រជែង ជាងមុនផងដែរ»។
លោកស្រី បានបន្ថែមទៀតថា «ធនាគារពិភពលោកប្តេជ្ញាចិត្ត ក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ដើម្បីកែលម្អការរៀនសូត្រ និងបង្កើតឱកាសសម្រាប់ កុមារគ្រប់រូប ហើយតាមរយៈនេះ ត្រួសត្រាយផ្លូវសម្រាប់កំណើន សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងការងារ កាន់តែប្រសើរ ទៅពេលអនាគត»។
របាយការណ៍មួយក្រោមចំណងជើងថា «គុណភាពគ្រូបង្រៀន ក្នុងការអប់រំបឋម សិក្សានៅកម្ពុជា ៖ ឆ្ពោះទៅរកការលើកទឹកចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែង, សមិទ្ធកម្មការងារ និងការធានាគុណភាព» (Teacher Quality in Cambodia’s Primary Education: Toward Incentivizing Effort, Performance, and Quality Assurance) បង្ហាញថា ចាំបាច់ត្រូវមានកិច្ចខិតខំថែមទៀត ក្នុងការពង្រឹងគុណភាព នៃការបង្រៀននៅតាមសាលា។
ទោះបីជាប្រាក់ខែគ្រូបង្រៀនកាន់តែខ្ពស់ បានលើកទឹកចិត្តសិស្សដែលរៀនចប់វិទ្យាល័យជាមួយពិន្ទុល្អបំផុត ឱ្យមកចូលរួមក្នុងវិជ្ជាជីវៈនេះ ក៏ពិតមែន ជាក់ស្តែងនៅក្នុងថ្នាក់រៀន ការអនុវត្តការបង្រៀន ឬចំណេះដឹងមុខវិជ្ជា មិនទាន់មានការកែលម្អប្រសើរ នៅឡើយទេ ។ របាយការណ៍នេះកត់សម្គាល់ថា គ្រូបង្រៀនបឋមសិក្សា ជាច្រើននៅតែបន្តធ្វើការងារ ក្រៅ ដែលជាហេតុ ធ្វើឱ្យពួកគេនៅសល់ពេល និងថាមពលកាន់តែតិចតួច សម្រាប់បង្រៀនសិស្សរបស់ខ្លួន។
ដើម្បីកែលម្អលទ្ធផលសិក្សា របាយការណ៍នេះអំពាវនាវ ឱ្យបង្កើន ការវិនិយោគលើការបណ្តុះបណ្តាល គ្រូបង្រៀនមុនចូលបម្រើការងារ និងក្នុងពេលបម្រើការងារ ។ ជាមួយនឹងការរំពឹងទុកថា នឹងមានគ្រូបង្រៀនថ្មី ជាច្រើនចូលប្រឡូកនៅក្នុងវិជ្ជាជីវៈនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ពេលនេះជាឱកាសមួយ ដើម្បីកសាងគ្រូបង្រៀនជំនាន់ថ្មី ដែលមានគុណភាពខ្ពស់ហើយ។
របាយការណ៍មួយទៀតក្រោមចំណងជើង «ម៉ោងបង្រៀន និង ការរៀនរបស់សិស្ស ៖ តើកម្ពុជាអាចកែលម្អលទ្ធផល សិក្សាបានដែរឬទេ តាមរយៈការដាក់ឱ្យដំណើរការកម្មវិធី សិក្សាពេញមួយថ្ងៃ នៅសាលាបឋមសិក្សា?» (Instruction Time and Student Learning: Can Cambodia Improve Learning Outcomes by Introducing Full-day Lesson Schedules in Primary Schools?) បានឱ្យដឹងថា បើទុកជាសាលារៀននៅកម្ពុជា បានចែកពេលក្នុងថ្នាក់រៀន យ៉ាងច្រើនរួចទៅ ហើយសម្រាប់មុខវិជ្ជាអក្ខរកម្ម និងលេខនព្វន្ត ក៏ដោយ ក៏សិស្សមួយចំនួនធំ នៅតែត្រដាបត្រដួស ក្នុងការរៀនជំនាញទាំងនេះ នៅឡើយ។
ផ្អែកលើបទពិសោធន៍អន្តរជាតិ របាយការណ៍នេះផ្តល់អនុសាសន៍ ឱ្យចាត់វិធានការសន្សំសំចៃ ដើម្បីកែលម្អលទ្ធផល ដូចជាការកាត់បន្ថយអវត្តមានរបស់គ្រូ, ការកាត់បន្ថយការបិទសាលារៀន ក្រៅពេលឈប់សម្រាកផ្លូវការ និងការបង្កើនចំនួនសប្តាហ៍បង្រៀន ក្នុងឆ្នាំសិក្សា ៕
