ព័ត៌មានជាតិ

ស៊ុយអែតស្វែងរកលទ្ធភាព ក្នុងការបំពាក់មីស៊ីលដែលអាចបាញ់ជ្រៅដល់ទឹកដីរុស្សី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែត នឹងត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារយ៉ាងជ្រៅនៅក្នុងបណ្តាប្រទេសដែលខ្លួនចាត់ទុកថាជាការគំរាមកំហែង ដូចជាប្រទេសរុស្ស៊ី។

ការប្រកាសនេះត្រូវបានធ្វើឡើងបើយោងតាមរបាយការណ៍របស់កងកម្លាំងប្រដាប់អាវុធស៊ុយអែតចេញផ្សាយកាលពីថ្ងៃចន្ទ។ទីក្រុងមូស្គូបានច្រានចោលការអះអាងដែលខ្លួនមានចេតនាអរិភាពចំពោះប្រទេសលោកខាងលិចថាគ្មានមូលដ្ឋាន។

ឯកសារនេះអំពាវនាវឱ្យមានការវិនិយោគលើសមត្ថភាពធ្វើការវាយប្រហារដែលអាចឈានដល់គោលដៅនៅ ជម្រៅយុទ្ធសាស្ត្រឬ ប្រហែលជា២០០០ គីឡូម៉ែត្រ។ ចម្ងាយផ្លូវត្រង់រវាងទីក្រុងមូស្គូ និងទីក្រុងស្តុកខម គឺត្រឹមតែជាង ១៤០០ គីឡូម៉ែត្រប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍មួយទៅកាន់ Reuters កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson បាននិយាយថា ប្រទេសនេះត្រូវតែ កសាងការរារាំងដ៏រឹងមាំមួយ ចំពោះការកើនឡើងនូវសមត្ថភាពរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។ កាល​ពី​ខែ​មុន លោក​បាន​ព្រមាន​ថា​ប្រជាជន​ដែល​រស់​នៅ​ក្នុង​រដ្ឋ​ណាតូ​អឺរ៉ុប​គួរ​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​ដែល​អាច​កើត​មាន​ជាមួយ​រុស្ស៊ី។

គួរឲ្យដឹងដែរថាក្រោយ​ជម្លោះ​អ៊ុយក្រែន​កាន់តែ​តានតឹង ស៊ុយអែត​បាន​បោះបង់​អព្យាក្រឹតភាព ហើយ​ចូល​ជា​សមាជិក​ណាតូ។ វាបានក្លាយជាអ្នកគាំទ្រដ៏ខ្ជាប់ខ្ជួនបំផុតរបស់ទីក្រុងគៀវដោយផ្គត់ផ្គង់ប្រព័ន្ធកាំភ្លើងធំ អាវុធប្រឆាំងរថក្រោះ សមាសធាតុការពារអាកាស គ្រាប់រំសេវ និងការបណ្តុះបណ្តាលដល់កងកម្លាំងអ៊ុយក្រែន។

កាលពីក្នុងខែមិថុនា ខ្លួនបានយល់ព្រមបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីផ្គូផ្គងគោលដៅថ្មីរបស់ណាតូគឺ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប កើនឡើងពី ២,៧ភាគរយសម្រាប់ពេល បច្ចុប្បន្ន៕

ប្រែសម្រួល៖ ស៊ុនលី

To Top