ព័ត៌មានជាតិ

កម្ពុជា ចាត់ទុកការងារបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ជាការងារអាទិភាព ដើម្បីសុខសុវត្ថិភាពសង្គម

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សមត្ថកិច្ចកម្ពុជា នៅតែបន្តកិច្ចប្រតិបត្តិការរបស់ខ្លួនជាប់ជាប្រចាំ ដោយចាត់ទុកថា ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ជាការងារអាទិភាព ដើម្បីសុខសុវត្ថិភាព របស់សង្គមជាតិទាំងមូល។

ការឲ្យដឹងពី អ្នកនាំពាក្យ បន្ទាប់ពីថ្មីៗនេះ គេហទំព័រ CNA បានចុះផ្សាយការអត្ថាធិប្បាយមួយក្រោមចំណងជើងថា «អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយទេ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច» ក្រៅពីនេះ CNA ក៏បានអះអាងថា «ប្រតិបត្តិការនេះ គ្រាន់តែចង់បង្ហាញថាសមត្ថកិច្ចកំពុងធ្វើការយ៉ាងសកម្មប៉ុណ្ណោះ»។

យោងតាមសេចក្តីច្រានចោលបទអត្ថាធិប្បាយ របស់គេហទំព័រ CNA ចេញផ្សាយដោយក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទរបស់កម្ពុជា មានផែនការសកម្មភាពទាំងរយៈពេលខ្លី និងរយៈពេលវែងយ៉ាងជាក់លាក់ក្នុងការអនុវត្តគោលការណ៍របស់ រាជរដ្ឋាភិបាលស្តីពីប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ប្រកបដោយឆន្ទៈមោះមុត ស្របតាម ច្បាប់ជាតិ និងអន្តរជាតិ។

ប្រភពដដែល បន្ដថា ជាក់ស្តែងក្នុងឆ្នាំ២០២៣ មានជនបរទេសសរុបចំនួន២៨៣នាក់ ត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីកម្ពុជា។ ក្នុងឆ្នាំ២០២៤ មានជនបរទេសសរុបចំនួន២,៩៨២នាក់ ត្រូវបានចាប់ខ្លួន និង បណ្តេញចេញពីកម្ពុជា។ ជាពិសេសនៅឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាចំនួន២៤លើក។ ក្នុងនោះតាមការស្រាវជ្រាវស៊ើបអង្កេតដោយផ្ទាល់ចំនួន១៣លើក និងតាមកិច្ច សហប្រតិបត្តិការជាមួយសមត្ថកិច្ចបរទេសចំនួន១១លើក ឃាត់ខ្លួនជនបរទេសសរុបចំនួន១,៨៥៩នាក់ និង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន១១ករណី និងបានឃាត់ខ្លួនជនសង្ស័យជាមេខ្លោង និងមុខ សញ្ញាដែលងាយនឹងប្រព្រឹត្តបទល្មើសម្តងទៀតសរុបចំនួន១៤៨នាក់។

អ្នកនាំពាក្យ គូសបញ្ជាក់ថា «ថ្វីត្បិតតែទទួលបានលទ្ធផលដូចបច្ចុប្បន្ននេះក្តី ប៉ុន្តែសមត្ថកិច្ចកម្ពុជានៅតែខិតខំ បន្តកិច្ចប្រតិបត្តិការ របស់ខ្លួនជាប់ជាប្រចាំ ដោយចាត់ទុកថាការងារនេះជាការងារអាទិភាព ដើម្បីសុខសុវត្ថិភាពរបស់សង្គមជាតិ ខ្លួនផង និងសម្រាប់ប្រជាពលរដ្ឋរងគ្រោះនៃបណ្តាប្រទេសអន្តរជាតិជាមិត្ត ដែលកំពុង ផ្តល់កិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចកម្ពុជាផង»៕

To Top