ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ពិភាក្សាការចុះពិនិត្យស្ថានភាពនិន្នាការ ទេសចរណ៍ ជំរុញការតាមដាន និងវាយតម្លៃ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ពាងណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ និងលោកស្រី ប៉ូច វរល័ក្ខ នាយិកាវិទ្យាស្ថានជាតិទេសចរណ៍ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិភាក្សាការចុះពិនិត្យស្ថានភាពនិន្នាការ ទេសចរណ៍ខេត្តត្បូងឃ្មុំ ជំរុញការតាមដាន និងវាយតម្លៃ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ក្រសួងទេសចរណ៍ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រតិភូក្រសួង លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអាជីវករ ម្ចាស់ផ្ទះសំណាក់ អាហារដ្ឋាន និងអ្នកពាក់ព័ន្ធ។

បើតាមរបាយការណ៍ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍បានលើកឡើងថា ខេត្តត្បូងឃ្មុំគឺជាខេត្តដែលទើបបង្កើតថ្មី ដែលបានបំបែកចេញពីខេត្តកំពង់ចាម ក៏ប៉ុន្តែសក្កានុពលវិស័យទេសចរណ៍ក្នុងខេត្តត្បូងឃ្មុំ គឺមិនចាញ់ខេត្តដទៃៗឡើយ ជាក់ស្តែងដោយការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរទេសចរណ៍បានធ្វើការកំណត់នៅទីតាំងទេសចរណ៍ក្នុងខេត្តដែលមានដូចជា៖ ទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រ ទីតាំងទេសចរណ៍កែច្នៃ ទីតាំងទេសចរណ៍ធម្មជាតិ ហើយនាពេលថ្មីៗនេះក៏បានកំណត់តំបន់មាត់ទន្លេសិប្បនិម្មិតក្នុងទីរួមខេត្តត្បូងឃ្មុំ ទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ដោយរដ្ឋបាលខេត្តបានធ្វើការស្ថាបនានៅហេដ្ឋារចនាសម្ព័ន្ធទីតាំងនេះដោយមានបំពាក់ភ្លើងព័ណ៌លម្អរដងផ្លូវ បង្កើតសួនច្បារចម្រុះ ហើយថ្មីៗនេះគឺរដ្ឋបាលខេត្តបានរៀបចំនៅស្លាកខ្ញុំស្រឡាញ់ត្បូងឃ្មុំ និងការបំពាក់ភ្លើងបាញ់ទឹក(ទឹករាំផ្ការាំ) ដែលនឹងរួចរាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោក ពាងណារិទ្ធ អភិបាលរងខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តត្បូងឃ្មុំ មានការយកចិត្តទុកដាក់ណាស់ចំពោះវិស័យទេសចរណ៍ ដោយតែងតែរៀបចំនៅកិច្ចប្រជុំ ក៏ដូចជាសិក្ខាសាលា យុទ្ធនាការនានា ក្នុងខេត្ត ដោយឱ្យមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ជាពិសេសអាជីវករ លក់ដូរ បងប្អូនពលរដ្ឋចូលរួម ក្នុងគោលដៅដើម្បីផ្សព្វផ្សាយពីសមិទ្ធិផលនានា ដែលខេត្តត្បូងឃ្មុំសម្រេចបាន ក៏ដូចជាធ្វើការអនុវត្តការងារអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សា អនាម័យ បរិស្ថាន ក្នុងតំបន់រមណីដ្ឋានទេសចរណ៍ សំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនា លេងកម្សាន្ត ក្នុងខេត្តត្បូងឃ្មុំផងដែរ។

ជាមួយគ្នានេះក្នុង លោកស្រី ប៉ូច វរល័ក្ខ នាយិកាវិទ្យាស្ថានជាតិទេសចរណ៍ បានធ្វើការសាទរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ជាពិសេសមន្ទីរទេសចរណ៍ខេត្ត ដែលយកចិត្តទុកដាក់លើកិច្ចការងារផ្សព្វផ្សាយ អភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តត្បូងឃ្មុំ។

លោកស្រីបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានរៀបចំនៅគោលនយោបាយយុទ្ធសាស្ត្រអាទិភាពដែលក្នុងនោះធ្វើយ៉ាងណា ជំរុញកំណើនទេសចរណ៍ តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ, ពង្រឹងគុណភាព និងចេរភាព ដោយលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ធ្វើពិពិធកម្មផលិតផលទេសចរណ៍, បង្កើតការងារ និងសមធម៌ ដោយបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យមានជំនាញខ្ពស់ និងជំរុញទេសចរណ៍ជនបទដើម្បីចែកចាយអត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋាន ដែលគោលនយោបាយយុទ្ធសាស្ត្រនេះគឺជាស្នូលនៃការជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ក្រសួងទេសចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ព័ត៌មាន

To Top