ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជំរុញការអភិរក្សពូជកេសរកូលព្រៃ
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានរៀបចំវេទិកាកេសរកូលជាតិលើកទី៥ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីនានាភាព គុណតម្លៃ និងអត្ថប្រយោជន៍នៃប្រភេទកេសរកូលព្រៃ នៅក្នុងប្រព័ន្ធអេកូឡូស៊ី។

វេទិកានេះមានការអញ្ជើញចូលរួមពីតំណាងឯកអគ្គរាជទូត និងរដ្ឋទូតនៃប្រទេសជាដៃគូពាក់ព័ន្ធ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរបរិស្ថានរាជធានី-ខេត្ត ដៃគូជាតិ-អន្តរជាតិ វិស័យឯកជន មន្ត្រីឧទ្យានុរក្ស លោកគ្រូ-អ្នកគ្រូ ក្មួយៗសិស្ស-និស្សិត សរុបចំនួន៥២០នាក់ (ស្ត្រី១៩០នាក់)។

សូមបញ្ជក់ថា នេះគឺជាលើកទី៥ហើយដែលក្រសួងបរិស្ថានបានរៀបចំវេទិកានេះឡើង ដែលឆ្នាំនេះមានការខុសប្លែកពីឆ្នាំកន្លងមក ដោយមិនត្រឹមតែមានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត ប៉ុណ្ណោះទេ តែក៏មានការប្រកួតប្រជែងការគូរគំនូរកេសរកូលព្រៃកម្ពុជា និងតាំងបង្ហាញស្នាដៃគំនូរកេសរកូលផងដែរ ដោយបានផ្សារភ្ជាប់ការអភិរក្សនិងការផ្សព្វផ្សាយពីកេសរកូលតាមរយៈសិល្បៈ សំដៅបណ្តុះស្មារតី និងលើកកម្ពស់ការស្រលាញ់កេសរកូលព្រៃ ការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសប្អូនៗយុវជនឱ្យងាកមកចាប់អារម្មណ៍ពីនានាភាពនៃប្រភេទកេសរកូលព្រៃដ៏សម្បូរបែបរបស់កម្ពុជាយើងដែលមានតម្លៃ និងសារៈប្រយោជន៍ជាច្រើនចំពោះប្រព័ន្ធអេកូឡូស៊ី ប្រជាសហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាខ្លឹមសារនៃប្រធានបទរបស់វេទិកាកេសរកូលជាតិនាឆ្នាំនេះ ហើយក្រសួងបរិស្ថាននឹងត្រៀមរៀបចំវេទិកានេះជារៀងរាល់ឆ្នាំបន្តទៀតជាមួយនឹងសកម្មភាពថ្មីៗបន្តទៀត។

ស្ថិតក្នុងឱកាសនោះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលបំណងរបស់ក្រសួងបរិស្ថានក្នុងការប្រែក្លាយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនឱ្យក្លាយទៅជាផលិតផលទេសចរថ្មីបែបធម្មជាតិ បន្ថែមលើផលិតផលទេសចរបេតិកភណ្ឌវប្បធម៌ ហើយឯកឧត្តមក៏ចង់ ជំរុញការធ្វើជាលិកាវប្បកម្មទៅលើប្រភេទកេសរកូលមួយចំនួនសម្រាប់ចែកជូនដល់សាធារណជនដោយឥតគិតថ្លងៃដូចគ្នាទៅនឹងការចែកកូនឈើក្នុងកម្មវិធីពន្លកបៃតងដែលក្រសួងបរិស្ថានបានធ្វើជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការស្រលាញ់ ការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពសហគមន៍តំបន់ការពារធម្មជាតិ៕





