លោកបណ្ឌិត កៅ ថាច ៖ ដើម្បីសម្រេចបំណងប្រាថ្នា របស់ខ្លួន ក្នុងការចូលរួមកសាងជាតិ សហគ្រិនត្រូវតែប្រែក្លាយទស្សនៈ និងគំនិតជាសកម្មភាព ជាក់ស្តែង
កោះកុង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល បានអញ្ជើញបើកសិក្ខាសាលា និងធ្វើជាវាគ្មិនស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

រៀបចំឡើង ដោយសមាគម សហគ្រិនវ័យក្មេងកម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក កាយ សំរួម សមាជិក គណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ហៀន សូប៉ូលីន ប្រធាននាយកដ្ឋាន ប្រតិបត្តិការ និងគ្រប់គ្រងតំបន់ សេដ្ឋកិច្ចពិសេសគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍បង្ហាញពីសារៈសំខាន់ ចំពោះ សរសរស្តម្ភនៃប្រព័ន្ធហិរញ្ញវត្ថុ នៅលើសកលលោក និងនៅកម្ពុជាផងដែរ ក្នុងនោះ គឺផ្តោតលើប្រព័ន្ធហិរញ្ញវត្ថុទាំងមូល ត្រូវបានទ្រទ្រង់ដោយសរសរ-ស្តម្ភចំនួន ៣ រួមមាន៖ វិស័យធនាគារ វិស័យមូលបត្រ និងវិស័យធានារ៉ាប់រង ដែល ជាប្រភពហិរញ្ញវត្ថុសម្រាប់អាជីវកម្ម សេដ្ឋកិច្ច និងសង្គម។

ក្នុងន័យនេះចង់សំដៅថា ម្ចាស់សហ-គ្រាស និងសហគ្រិន អាចស្វែងរកប្រភពហិរញ្ញវត្ថុតាមរយៈវិស័យទាំងបីនេះ បន្ថែមពីលើវិស័យធនាគារ។ លើសពីនេះ លោកបណ្ឌិត បានចាត់ទុកថា សហគ្រិនពិតជាមាន តួនាទីយ៉ាងសំខាន់ ក្នុងប្រព័ន្ធសេដ្ឋកិច្ច ដោយសារតែសហគ្រិន មិនមែនត្រឹមតែជាម្ចាស់ សហគ្រាសតែប៉ុណ្ណោះទេ ថែមទាំងជាអ្នកធ្វើឱ្យ មានការផ្លាស់ប្តូរ (change-makers) ដែលបម្លែងគំនិតទៅជាសកម្មភាព និងដំណោះស្រាយ តាមរយៈមុខងារចំនួន ៦ រួមមាន៖ សហគ្រិន ជាអ្នកបង្កើតនវានុវត្តន៍ សហគ្រិន ជាអ្នកបង្កើតការងារ សហគ្រិន ជាអ្នកជំរុញកំណើនសេដ្ឋកិច្ច សហគ្រិន ជាអ្នកបែងចែកធនធាន សហគ្រិន ជាអ្នកជំរុញភាពប្រកួតប្រជែង សហគ្រិន ជាអ្នកលើកកម្ពស់គុណតម្លៃសង្គម និងបរិស្ថាន។

បន្ថែមពីនេះ ក្នុងដំណើរឆ្ពោះទៅ រកចក្ខុវិស័យឆ្នាំ ២០៣០ លោកបណ្ឌិត កៅ ថាច មានសុទិដ្ឋិនិយមថា« សហគ្រិននៅតែជា ចរន្តឈាមដ៏មានសារៈសំខាន់ ក្នុងប្រព័ន្ធសេដ្ឋកិច្ចពោល គឺសហគ្រិននឹងនៅតែជាតួអង្គ ដែលមានថាមពល គ្រប់ខ្សែច្រវាក់តម្លៃសេដ្ឋកិច្ច ដោយបង្កើនសកម្មភាពសេដ្ឋកិច្ច បង្កើនពិពិធកម្ម និងភាពធន់ បង្កើននវានុវត្តន៍ និងជំរុញបរិយាបន្ន»៕





