សហជីពធំៗ នៅកម្ពុជា ថា របាយការណ៍ Human Rights Watch ស្ដីពី បញ្ហាពលករ មិនឆ្លុះបញ្ចាំងពីការពិត និងគ្មានវិជ្ជាជីវៈ
ភ្នំពេញ ៖ សហជីពធំៗនៅកម្ពុជា យល់ឃើញដូចៗគ្នាថា របាយការណ៍របស់អង្គការ Human Rights Watch ស្ដីពី បញ្ហាពលករ ដែលសម្ភាសបងប្អូនអតីតពលករតែ ៥៦នាក់នោះ គឺមិនឆ្លុះបញ្ចាំងពីការពិត និងគ្មានវិជ្ជាជីវៈ។ ការលើកឡើងនេះ គឺបន្ទាប់ពីអង្គការ Human Rights Watch បានចេញរបាយការណ៍មួយមានចំណងជើងថា «ពលករខ្មែរវិល ត្រឡប់មកស្រុកវិញ កំពុងប្រឈមនឹងភាពអត់ឃ្លាន និងគ្មានការងារធ្វើ» ដោយអង្គការនេះ បានសម្ភាសអតីតពលករតែ ៥៦នាក់ប៉ុណ្ណោះ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់នៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា របាយការណ៍របស់អង្គការ Human Rights Watch ដែលសម្ភាសបងប្អូនអតីតពលករតែ ៥៦នាក់នោះ គឺមិនឆ្លុះបញ្ចាំងពីការពិត គ្មានវិជ្ជាជីវៈ ហើយក៏មិនឆ្លុះបញ្ចាំងអំពីសកម្មភាពពិតរបស់រាជរដ្ឋាភិបាល ក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធ។

ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍បែបនេះថា «របាយការណ៍ចេញដោយ Human Rights Watch នេះ វាផ្ទុយស្រលះទាំងស្រុង ហើយមិនបានឆ្លុះបញ្ចាំងការពិត ហើយអ្វីដែលសំខាន់នោះ Human Rights Watch មិនបានយកចិត្តទុកដាក់ក្នុងការ Research ឱ្យបានត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ទេ យើងមើលឃើញថា Human Rights Watch ធ្វើការទៅតាមអារម្មណ៍ ឬតាមការនឹកឃើញ ឬក៏ទៅតាមសេណារីរ៉ូរបស់ម្ចាស់ជំនួយ ដែលចង់មួលបង្កាច់បង្ខូចកិត្តិយសកម្ពុជា»។

លោក សំ សឿន បានបន្ថែមថា លោក បានមើលឃើញ ពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ ជាសេនាធិការ ដោយបានជួយសម្របសម្រួលដល់បងប្អូនអតីតពលករ តាំងពីពេលដែលពួកគាត់មកដល់ច្រកទ្វារព្រំដែន រហូតដល់ជួយស្វែងរកការងារទៅដល់មូលដ្ឋានរបស់ពួកគាត់តែម្ដង។ បន្ថែមលើនេះ លោក សំ សឿន ក៏បានស្នើឱ្យអង្គការ Human Rights Watch តែតម្រូវរបាយការណ៍របស់ខ្លួន ហើយគួរចូលរួមផ្សព្វផ្សាយឱកាសការងារ ជូនដល់បងប្អូនអតីតពលករវិញល្អជាង។

ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ ប្រាប់ឱ្យដឹងដែរថា លោកមើលឃើញថា របាយការណ៍ដែលចេញដោយអង្គការ Human Rights Watch គឺមិនឆ្លុះបញ្ចាំងពីការពិតឡើយ ពីព្រោះអង្គការនេះបានសម្ភាស បងប្អូនអតីតពលករតែ ៥៦នាក់ប៉ុណ្ណោះ ខណៈដែលអតីតពលករ ត្រឡប់មកពីថៃមានរហូតដល់ជិត ១លាននាក់។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មានប្រសាសន៍បែបនេះថា «ខ្ញុំគិតថា ទិសដៅពលករដែលខាងស្ថាប័ន Human Rights Watch សម្ភាស វាអាចជាផ្នែកមួយ ដែលគេអាចរៀបចំទុក ព្រោះថា ពលករជាច្រើនដែលបានវិលមក យើងឃើញមានការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសយើងបានឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់បំផុត នោះគឺក្រសួងការងារ»។

ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា លើកឡើងថា ចំណុចខ្វះខាតបន្តិចបន្តួចគឺចៀសមិនផុតឡើយ ខណៈដែលបងប្អូនអតីតពលករត្រឡប់មកពីថៃមានចំនួនច្រើន តែមិនអាចយកការសម្ភាសពលរដ្ឋតែប៉ុន្មាននាក់ មកគ្របដណ្ដប់លើបងប្អូនអតីតពលករជិត ១លាននាក់នោះ គឺមិនអាចទៅរួចទេ។

ផ្ទុយពីការលើកឡើងរបស់អង្គការ Human Rights Watch លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មើលឃើញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានខិតខំយកចិត្តទុកដាក់ជាខ្លាំងទៅលើការស្វាគមន៍ ការមកដល់របស់បងប្អូនអតីតពលករ ក៏ដូចជាការស្វែងរកការងារឱ្យពួកគាត់ធ្វើ៕
