ព័ត៌មានជាតិ

អភិបាលរងរាជធានី ៖ ពលរដ្ឋភាគច្រើន មានកង្វល់ទាក់ទិន នឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ខណៈសន្តិសុខ សណ្តាប់ធ្នាប់ ស្ទើតែគ្មានលើកឡើងឡើយ ក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើន បានលើកសំណើ និងសំណូមពរដោយផ្ទាល់មាត់ ផ្តោតលើការស្ថាបនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដូចជាអំពូលភ្លើងបំភ្លឺផ្លូវជាដើម ខណៈបញ្ហាទាក់ទិននិងសន្តិសុខ សុវត្ថិភាពផ្សេងៗ ស្ទើតែគ្មាន ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឡើយ ។

ថ្លែងក្នុងឱកាសនេះ លោក ពេញ ធារម្យ បានលើកឡើងថា ក្នុងនាមជាអាជ្ញាធរ ចង់បានបំផុតការចូលរួម របស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលផលដោយផ្ទាល់ បើទោះសំណើ និងសំណូមពរខ្លះ មិនអាចសម្រេចបានភ្លាមៗ តែយ៉ាងណាក៏ត្រូវតែដោះស្រាយជូន ។

បន្ថែមលើនេះលោកអភិបាលរង បានបញ្ជកា់ថា អ្វីដែលលើកឡើង ក្រុមការងារនឹងមិនបិទភ្លែកឡើយ ក្នុងនោះឯកឧត្ដមកត់សម្គាល់ថា ភាគច្រើនសំណើ និងសំណូមពរមុននេះ ភាគច្រើន ពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋាន ជាមួយនឹងជំនាញសាធារណការ ដោយឡែកខាងសន្តិសុខ លោកអភិបាលរង ក៏បានអរគុណ ដល់អធិការនគរបាលខណ្ឌ ក៏ដូចជាអាវុធហត្ថខណ្ឌ ពិតជា បម្រើពលរដ្ឋបានល្អ រហូតមិនមានបងប្អូនប្រជាពលរដ្ឋ លើកឡើងអ្វីបន្តិចឡើយពាន់នឹង បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់នេះតែម្តង ។

ឆ្លើយតបនឹងសំណើ ក៏ដូចជាសំណូមពរ របស់ប្រជាពលរដ្ឋ ស្នើសុំអំពូលភ្លើងបំភ្លឺផ្លូវសូឡា ក្នុងនាមអភិបាលខណ្ឌសែនសុខ ដែលទើបឡើងកាន់នាពេលថ្មីៗនេះ លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌសែន សុខបានធានាថា មិនឱ្យលើសពី១សប្តាហ៍ លោកនឹងចាត់ឱ្យគេតម្លើងជូន តាមសំណូមពរ ខណៈដែលសំណើនិងសំណូមពរផ្សេងៗដែលនៅសេសសល់ លោកនឹងចុះពិនិត្យផ្ទាល់ តាមទីតាំងជាក់ស្តែង និងខិតខំដោះស្រាយឱ្យអស់លទ្ធភាព តាមដែលអាចធ្វើបានជូនប្រជាពលរដ្ឋ ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ មានប្រជាពលរដ្ឋ ៨នាក់ បានលើកសំណើ និងសំណូមពរផ្ទាល់មាត់ ដោយភាគច្រើន សុំអំពូលភ្លើង ការលើកកម្ពស់ផ្លូវ ការពង្រីកផ្លូវ និងការជួសជុលស្ថាបនាផ្លូវ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង៕
ដោយ៖ ដារាត់| ដើមអម្ពិល

To Top