ឆ្នាំ២០២៥ មន្ដ្រីពន្ធនាគារ ចុះឆែកឆេរ តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត រកឃើញដកហូតទូរស័ព្ទ ១២គ្រឿង និងកាំបិតកែច្នៃ ៦គ្រឿង
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា រយៈពេល ១ឆ្នាំ នៅឆ្នាំ២០២៥ មន្ដ្រីពន្ធនាគារ ចុះអនុវត្តឆែកឆេរស្វែងរកនាំចូលវត្ថុសម្ភារហាមឃាត់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្ត ចំនួន ២១អង្គភាព ស្មើនឹង ៩២៦លើក ក្នុងនោះ រកឃើញដកហូតទូរស័ព្ទដៃ ចំនួន ១២គ្រឿង និងកាំបិតកែច្នៃចំនួន ៦គ្រឿង។
នេះបើយោងតាមរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពន្ធនាគារ បង្ហាញនៅក្នុងសន្និបាតរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្ដីការក្រសួងមហាផ្ទៃ។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា មន្ដ្រីពន្ធនាគារ ក៏បានរៀបចំការពារ សុវត្ថិភាព និងដឹកបញ្ជូនជនជាប់ឃុំ ទៅកាន់សាលាជម្រះក្តីគ្រប់ថ្នាក់ ដោយអនុវត្តតាម ដីកាបង្គាប់ឲ្យនាំខ្លួន ជនជាប់ឃុំ តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ចំនួន ៦៤.៧០៨ដីកា មានជនជាប់ឃុំ ចំនួន ជាង ១០ម៉ឺន នាក់ ស្មើនឹង ១៦.៦៥៨លើក គិតជាចំងាយផ្លូវសរុបប្រមាណ ជាង ៨២ម៉ឺន គីឡូម៉ែត្រ។
ដោយឡែក ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ៤.០០៨នាក់ ស្មើ ៣.២៧៤លើក ដែលគិតជាចម្ងាយផ្លូវសរុប ប្រមាណ ជាង ៦ម៉ឺន គីឡូម៉ែត្រ ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនជាប់ឃុំមានចំនួនសរុប ៦១.០៦៩នាក់ (ស្ត្រី ៣.៩២៦នាក់) ក្នុងនោះ៖ ជនបរទេស ៤.៧៧២នាក់ អនីតិជន ៣.៨៤១នាក់ ស្ត្រីមានផ្ទៃពោះ ៣៨នាក់ កូនតាម ម្តាយ ១១៩នាក់៕
