ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី នាំយកថវិកា និងទេយ្យទានទៅប្រគេនព្រះសង្ឃនៅវត្តក្តីអណ្ដែត សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ!
កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកថវិកា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃដែលមានការខ្វះខាតចង្ហាន់ប្រចាំថ្ងៃ នៅវត្តក្តីអណ្ដែត សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងដោយមានការចូលរួមពីលោកយាយ លោកតាគណៈកម្មការអាចារ្យវត្តជាច្រើនរូបផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ដោយមានសំណូមពរពីលោកយាយ លោកតា និងគណៈកម្មការអាចារ្យវត្ត ដើម្បីផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ ដែលមានការខ្វះខាតចង្ហាន់ប្រចាំថ្ងៃ និងដោយក្តីសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនារបស់រដ្ឋ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឯកភាពគ្នា នាំយកនូវអង្ករចំនួន ២៥០គីឡូក្រាម មីខ្លាឃ្មុំចំនួន ៥កេស ត្រីខកំប៉ុងចំនួន ១០យួរ ភេសជ្ជៈបាកាសចំនួន ពីរកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ១០យួរ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៀតផងដែរ ដើម្បីផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ ដែលគង់នៅក្នុងទីអារ៉ាមនេះ ។

ព្រះតេជព្រះគុណសីលសោភ័ណ សាំង សុវត្ថា ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរអនុគុណក្រុង និងជាព្រះចៅអធិការវត្តក្តីអណ្ដែត សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលកន្លងមក ក៏ដូចជានៅពេលនេះ តែងតែបានជួយផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃដែលមានការខ្វះខាត និងបានចូលរួមផងដែរ ក្នុងការកសាងសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា នៅក្នុងទីអារ៉ាមនេះ និងបានសូមជូនពរដល់ឧត្ដមសេនីយ៍ទោ សោម ស៊ុន និងសហការីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕



ដោយ៖សំនៀង
