ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចេញបទបញ្ជា ឲ្យបន្តចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងនគរបាលតាមខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងលើការងារដឹកនាំចាត់វិធានការបង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង ឲ្យមានប្រសិទ្ធភាព។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

យោងតាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឲ្យ លោក-លោកស្រី ស្នងការរងទទួលដឹកនាំតាមបណ្តាខណ្ឌទាំង១៤ លោកនាយការិយាល័យជំនាញព្រហ្មទណ្ឌ ការិយាល័យជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាល ខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងលើការងារ ដឹកនាំចាត់វិធានការបង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងឲ្យមានប្រសិទ្ធភាព ។

លើសពីនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំឲ្យតាមបណ្តាខណ្ឌ ធ្វើបច្ចុប្បន្នភាពឡើងវិញ គ្រប់គ្រងមុខសញ្ញាក្មេងទំនើង ក្នុងមូលដ្ឋានឲ្យបានច្បាស់លាស់ ត្រូវដឹកនាំកិច្ចប្រជុំវាយតម្លៃសភាពការណ៍ភូមិសាស្រ្តក្នុងមូលដ្ឋានលើបញ្ហាប្រឈមនៃបទល្មើសក្មេងទំនើង និងរាយការណ៍សុំគោលការណ៍ជូនជំនាញ ដើម្បីសហការដោះស្រាយឲ្យទាន់ពេលវេលា។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្ថែមថា ត្រូវប្រើប្រាស់កម្លាំងគ្រប់ជំនាញ បង្កើនយកចិត្តទុកដាក់ ចេញល្បាតត្រួតពិនិត្យ នៅគោលដៅភូមិ សាស្រ្តលើបញ្ហាប្រឈមប្រមូលផ្តុំ ដោយក្មេងទំនើងដែលមានហានីភ័យបង្កបទល្មើស ដើម្បីទប់ស្កាត់និងបង្រ្កាប។ បទល្មើសក្មេងទំនើង ត្រូវអនុវត្តវិធានការច្បាប់ ដោយម៉ឺងម៉ាត់ និងមិនដកថយឡើយ ។ បន្តសហការជាមួយកម្លាំងជំនាញ ព្រហ្មទណ្ឌរបស់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលត្រូវចូលរួមចេញសហការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

To Top