ព័ត៌មានជាតិ

ក្រសួងការងារ នឹងរៀបចំពិព័រណ៍ការងារ នៅខេត្តសៀមរាប នាថ្ងៃទី៦-៧ ខែធ្នូ ដោយនាំយកឱកាស ការងាររាប់ម៉ឺនកន្លែង ជូនបងប្អូនអតីតពលករ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប នាថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនបងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ បន្ថែមលើនេះ អ្នកចូលរួមក៏អាចចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាទទួលបានព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស.។

សម្រាប់ពិព័រណ៍ការងារនេះ នឹងត្រូវរៀបចំនាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណសាលាបឋមសិក្សា សម្តេច ហ៊ុន សែន រណសិរ្សត្រីភូមិ ស្រុកសូទ្រនិគម និងនាថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្រុកពួក។ ចំពោះបងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធី អាវយឺតដ៏ស្រស់ស្អាត អាហារ ភេសជ្ជៈ កាហ្វេ និងទទួលបានការកាត់សក់ពីជាងជំនាញ ដោយឥតគិតថ្លៃ។

បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកស្វែងរកការងារ នៅខេត្តសៀមរាប អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងចំនួន ២ខាងលើនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ដោយមានសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅជ្រើសរើសបុគ្គលិក និងកម្មករដោយផ្ទាល់។

គួរឱ្យដឹងថា ក្នុងខែវិច្ឆិកានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២ខេត្តរួចមកហើយ គឺនៅខេត្តបាត់ដំបង ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅស្រុកថ្មគោល និងស្រុកមោងឫស្សី។ រីឯនៅខេត្តបន្ទាយមានជ័យ ពីថ្ងៃទី២៣-២៣ ក្នុងស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ។ សរុបលទ្ធផលទាំង ២ខេត្តនេះ មានអ្នកចូលរួមជិត ៥ពាន់នាក់ ហើយមានអ្នកជាប់ការងារ (បឋម) ចំនួន ១ ៥៧៧នាក់៕

To Top