ព័ត៌មានជាតិ

សម្តេចធិបតី អបអរសាទរ ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹង ជំងឺអេដស៍»

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នេះបានបង្ហោះសារ អបអរសាទរ ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតប នឹងជំងឺអេដស៍»។

ការប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ គឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដើម្បីបង្ហាញពីផលប៉ះពាល់ លើការឆ្លើយតបនឹងមេរោគអេដស៍ និង ជំងឺអេដស៍ ជាមួយការប្រឈមថ្មីនានា រួមទាំងការកាត់បន្ថយថវិកា ពីអ្នកផ្តល់ជំនួយអន្តរជាតិ ក៏ដូចជា ដើម្បីបង្ហាញពីចីរភាព និងភាពធន់របស់ប្រទេស និងសហគមន៍ ដែលក្រោកឈរយ៉ាងរឹងមាំ ក្នុងការការពារសមិទ្ធផលសម្រេចបាន ព្រមទាំងជំរុញការឆ្លើយតបនឹងមេរោគអេដស៍ ឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

ប្រធានបទឆ្នាំនេះ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយ តបនឹងជំងឺអេដស៍» ដែលមានន័យសំខាន់ ក្នុងការជំរុញឱ្យ សង្គមខិតខំប្រឹងប្រែង បន្តការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពរឹងមាំជាងមុន។

ការរំខានដូចជា ការរើសអើង ការមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះ កង្វះការយល់ដឹង ត្រឹមត្រូវពីប្រជាពលរដ្ឋ កង្វះធនធានឬកង្វះការយកចិត្តទុកដាក់របស់អ្នកពាក់ព័ន្ធ ដែលតម្រូវឱ្យយើងទាំងអស់ ពង្រឹងកិច្ចសហការគ្រប់តួអង្គ ដើម្បីគាស់រំលើងឧបសគ្គទាំងនោះ ហើយជំរុញឱ្យមានបរិវត្តកម្មឬការផ្លាស់ប្តូរដ៏វិជ្ជមានមួយ ក្នុងការដឹកនាំ គ្រប់គ្រង និងបង្ការជំងឺអេដស៍។

ការយកឈ្នះការរំខាន គឺជាគន្លងដ៏សំខាន់ក្នុងការអភិវឌ្ឍវិធានការ ឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព សមស្របតាមការប្រែប្រួល របស់សង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា៕

To Top