ក្រសួងការងារ បានរៀបចំវេទិកា ការងារជិត ៦០០លើក ដើម្បីផ្តល់ឱកាសការងារ ជូនដល់បងប្អូន អតីតពលករខ្មែរ ដែលត្រឡប់មកពីថៃ
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកា ការងារ ចំនួន ៥៧៧លើក ដោយនាំយកឱកាសការងារដ៏ច្រើនសម្បូរបែប និងការសម្ភាសការងារ នៅហ្នឹងកន្លែងផ្ទាល់តែម្តង ជូនដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូន អតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារធ្វើគ្រប់ៗគ្នា។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្រៅពីការផ្តល់នូវឱកាសការងារដ៏សម្បូរបែប វេទិកាការងារទាំងអស់នេះ ក៏ផ្តល់នូវឱកាសក្នុងការសិក្សាជំនាញបច្ចេកទេស ដោយឥតគិតថ្លៃផងដែរ ជូនដល់បងប្អូនពលករ ដែលមានបំណងសិក្សា ជំនាញបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល។

លោក ស៊ុន មេសា លើកឡើងថា៖ “ នៅក្នុងវេទិកាការងារទាំងអស់នេះ ក្រៅពីការផ្តល់នូវឱកាសការងារ ជូនដល់បងប្អូនអតីតពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ ក៏មានការផ្តល់នូវឱកាសក្នុងការសិក្សាជំនាញបច្ចេកទេស ដោយឥតគិតថ្លៃផងដែរ ដែលជំនាញទាំងនោះសុទ្ធ តែស្របទៅតាមតម្រូវការទីផ្សារ ហើយនៅពេលដែលបងប្អូនមាន ជំនាញច្បាស់លាស់ បងប្អូននឹងទទួលបានការងារ ដែលមានប្រាក់ចំណូលសមរម្យ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ”។

ជាមួយគ្នានេះ លោក បានបញ្ជាក់ផងដែរថា នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងការងារ នឹងរៀបចំពិព័រណ៍ ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកចំនួន ២ ក្នុងខេត្តសៀមរាប គឺស្រុកសូទ្រនិគម និងស្រុកពួក ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍ នៃរបបបេឡាជាតិសន្តិសុខសង្គម និងវគ្គបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរូបនេះ ក៏សូមអំពាវនាវ ដល់បងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមន្ត្រីក្រសួងការងារ នៅរងចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍។

គួរបញ្ជាក់ថា ក្រសួងការងារដែលជាសេនាធិការ ជូនរាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានខិតខំប្រឹងប្រែង និងបានដាក់ចេញ នូវវិធានការជាច្រើន ដើម្បីសម្រួលដល់បងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីថៃ ឱ្យឆាប់ទទួលបានការងារ ធ្វើគ្រប់ៗគ្នា ដូចជាការដាក់ពង្រាយមណ្ឌលសំចត នៅតាមបន្ទាត់ព្រំដែន ការធ្វើវេទិកាការងារ នៅតាមភូមិស្រុក ការសម្រួលនូវឯកសារ ក្នុងការចូលធ្វើការ និងយន្តការ ១២៩៧ ជាដើម ដែលបានឆ្លុះបញ្ចាំ ងពីការគិតគូរយ៉ាងល្អិតល្អន់ ចំពោះបងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីថៃ៕




