រដ្ឋមន្ត្រីក្រសួងការងារ ជួបសំណេះសំណាល ជាមួយសិក្ខាកាមខ្មែរ ផ្នែកកសិកម្ម នៅប្រទេសអ៊ីស្រាអែល
ភ្នំពេញ ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅរដ្ឋអ៊ីស្រាអែល លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លៀតពេលជួបសំណេះសំណាលជាមួយសិក្ខាកាមខ្មែរផ្នែកកសិកម្ម ចំនួនប្រមាណ ៣០នាក់ ដែលកំពុងធ្វើកម្មសិក្សា នៅវិទ្យាស្ថានសិក្សាកសិកម្ម (AgroStudies) នៅទីក្រុងនេតានីយ៉ា រដ្ឋអ៊ីស្រាអែល។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជួបពិភាក្សា និងស្វែង យល់បន្ថែមពីស្ថានភាព និងលក្ខខណ្ឌការងារ ក្នុងវិស័យកសិកម្ម របស់ប្រទេសអ៊ីស្រាអែល ផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនសិក្ខាកាម និងសូមឱ្យបងប្អូន មានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយយកអាសាគ្នា និងត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះដឹង និងបទពិសោធ ដើម្បីបន្តការសិក្សានៅឆ្នាំទី២ ឬវិលត្រឡប់ទៅមាតុប្រទេសវិញ ។ បន្ថែមលើនេះ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ដល់វិទ្យាស្ថានដែលបានទទួលយក និងផ្តល់ការគាំពារ ដល់សិក្ខាកាមខ្មែរ មកធ្វើកម្មសិក្សាក្នុងវិស័យកសិកម្ម នៅរដ្ឋអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ២០០៨៕








