ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន សហការរួមគ្នា ក្នុងការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាព វិនិយោគកម្ពុជា ឱ្យទូលំទូលាយ
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូរបស់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត TED Osius អនុប្រធានជាន់ខ្ពស់ និងនាយកគ្រប់គ្រងតំបន់ ព្រមទាំងលោក-លោកស្រី តំណាងក្រុមហ៊ុនអាម៉េរិកធំៗ ដែលជាសមាជិកក្រុមប្រឹក្សា ស្តីអំពីកិច្ចសហប្រតិបត្តិ ក្នុងវិស័យទេសចរណ៍ ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ពីស្ថានភាពពិត និង កាលានុវត្តភាពវិនិយោគ ក្នុងវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច នៅប្រទេសកម្ពុជា។

ក្នុងឱកាសនៃជំនួប ប្រកបដោយផ្លែផ្កានេះ លោកឯកអគ្គរដ្ឋទូតជាប្រធានប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ អំពីការរីកចំរើន លើគ្រប់វិស័យរបស់កម្ពុជាយ៉ាងលឿន និងក្នុងរយៈពេលខ្លី ចាប់តាំងពីលោកបានអញ្ជើញមកទស្សនាកម្ពុជា ជាលើកដំបូងកាលពីឆ្នាំ១៩៩៦។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមប្រធានប្រតិភូ ក៏បានលើកឡើងពីការពេញចិត្ត របស់អ្នកវិនិយោគិនអាម៉េរិក ដែលជាសមាជិក ក្នុងការវិនិយោគ នៅកម្ពុជាកន្លងមក និងការស្វែងយល់បន្ថែមទៀត ពីស្ថានភាពពិត និងកាលានុវត្តវិនិយោគបន្ថែមទៀត ពីរាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតបក្នុង ជំនួបដ៏សំខាន់នេះ លោក ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ យ៉ាយជ្រាលជ្រៅ ជូនចំពោះលោកឯកអគ្គរដ្ឋទូត TED Osius និងសមាជិកក្រុមប្រឹក្សា ដែលបានអញ្ជើញពីក្រុមហ៊ុន ConocoPhillips, Marriott International, Mastercard, Visa, Ford & RMA, Coca-Cola និង Vriens & Partners ដែលបានជ្រើសរើសកម្ពុជា ក្នុងការបោះទុនវិនិយោគ ដោយទំហំច្រើនលានដុល្លារអាម៉េរិក ដែលពិតជាការបង្ហាញ នូវទំនុកចិត្តយ៉ាងមុតមាំលើការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនប្រតិភូពីការធានាបាន នូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈល្អប្រសើរ និងការធានា និងលើកទឹកចិត្តអ្នកវិនិយោគ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា សំដៅផ្តល់ទំនុកចិត្ត ដល់វិនិយោគិនបរទេស មកបណ្តាក់ទុននៅកម្ពុជា ដែលជាប្រទេសមាន សក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ។

តាមរយៈកិច្ចជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានយល់ស្របគ្នាថា ប្រទេសកម្ពុជា ជាប្រទេសមានសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តភាព វិនិយោគដ៏ទាក់ទាញ ដែលនឹងសហការរួមគ្នាធ្វើការ ផ្សព្វផ្សាយ ឱ្យទូលំទូលាយដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពី សហរដ្ឋអាម៉េរិកមកទស្សនា និងស្វែងយល់ពីឱកាសវិនិយោគ ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ជូនថាក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council ឬ USABC) ជាអង្គការដ៏សំខាន់បណ្តុំនូវក្រុមហ៊ុនអាម៉េរិកធំៗ ដែលប្រកបអាជីវកម្ម ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បង្កើតឡើងក្នុងឆ្នាំ ១៩៨៥ ។ ក្រុមប្រឹក្សាមានទីស្នាក់ការកណ្ដាល នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី និងការិយាល័យ នៅទីក្រុងធំៗ ផ្សេងៗ ទៀតដូចជា៖ ញូវយ៉ក, បាងកក, ហាណូយ, ហ្សាកាតា, គូឡាឡាំពួ, ម៉ានីលា ហ្វីលីពីន និងសិង្ហបុរី។ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលជាសមាជិករបស់ក្រុមប្រឹក្សាមានដូចជា Abbott, ConocoPhillips, Marriott International, Mastercard, Visa, Meta, 3M, Ford & RMA Cambodia, Manulife, Coca-Cola, Plug and Play, Vriens & Partners៕
ដោយ៖ ដារាត់| ដើមអម្ពិល









